(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់មកពី៧សមាគម បានចេញសេចក្តីថ្លែងការណ៍រួមគ្នាគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុញ្ញាតឲ្យពួកគេបានជួបសំណេះសំណាលដោយផ្ទាល់។ ជាពិសេសសម្តេចតេជោ ផ្ទាល់តែម្តងបានឆ្លៀតពីការងារដ៏មមាញឹក និងនឿយហត់ជួបសំណេះសំណាល និងពន្យល់ពីហេតុការណ៍របស់ប្រទេសជាតិ។
តាមរយៈសេចក្តីថ្លែងការណ៍បងប្អូនប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ បានចាត់ទុកការជួបសំណេះសំណាលនេះថា ជាការបង្ហាញឲ្យឃើញពីទឹកចិត្តស្រលាញ់រាប់អានប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងរបស់សម្តេចតេជោ ហ៊ុន សែន។
ពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះ «យើងខ្ញុំទាំងអស់គ្នាពិតជាមានក្តីរំភើបរីករាយយ៉ាងក្រៃលែងឥតឧបមា ដែលមានឱកាសបានជួបសម្តេចតេជោ ដោយផ្ទាល់ក្នុងពិធីដ៏កម្រនេះ ដែលតាមរយៈនេះធ្វើឲ្យយើងខ្ញុំកាន់តែយល់ច្បាស់ថែមទៀតអំពីស្ថានភាពពិតប្រាកដដែលកំពុងកើតមាននៅប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយទេព្យកោសល្យដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ដែលផ្ទុយស្រឡះពីអ្វីដែលក្រុមប្រឆាំងតែងតែនិយាយមួលបង្កាច់ បំភ្លៃ បំផ្លើស ប្រឌិត កុហកភូតភរផ្ទុយពីការពិត និងលាបពណ៌អាក្រក់ចំពោះរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក»។
សូមរំលឹកថា ក្នុងពេលអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនៅសប្តាហ៍មុននេះ សម្តេចតេជោ ហ៊ុន សែន ទទួលបានការទទួលស្វាគមន៍យ៉ាងក្លៀវក្លាពីបងប្អូនប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់។ បើទោះបីមមាញឹកជាមួយកិច្ចប្រជុំយ៉ាងណាក្តី គេសង្កេតឃើញសម្តេចនាយករដ្ឋមន្ត្រីឆ្លៀតចុះស្វាគមន៍ប្រជាពលរដ្ឋដែលឈរស្វាគមន៍សម្តេចនៅមុខកន្លែងស្នាក់នៅផង ហើយក៏មានការរៀបចំពិធីជួបសំណេះសំណាលផងដែរ។ កិច្ចសំណេះសំណាលនោះ បានធ្វើឡើងដល់កណ្តាលរាត្រីថែមទៀតផង។
តាមរយៈកិច្ចសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវស្ថានការណ៍ស្រុកទេស ពីការខិតខំអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាល ព្រមទាំងបានលាតត្រដាងពីពុតត្បុតរបស់អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិក្នុងការបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាផងដែរ។
បងប្អូនប្រជាពលរដ្ឋនៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ បានអះអាងថា សកម្មភាពដែលពួកពួកគេគាំទ្រស្វាគមន៍ចំពោះវត្តមានរបស់សម្តេចតេជោលើទឹកដីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី គឺជាសិទ្ធិសេរីភាពរបស់ពួកគេ ក្នុងការតបស្នងដឹងគុណចំពោះវីរៈភាពរបស់សម្តេចតេជោ ដែលបានខិតខំបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ រក្សាបាននូវសុខសន្តិភាព និងភាពសុខដុមរមនារបស់សង្គមជាតិ៕