(បាត់ដំបង)៖ មជ្ឈមណ្ឌលការងារខេត្តបាត់ដំបង របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវគ្គបណ្តុះបណ្តាលមួយស្តី ពីការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារធ្វើ ដែលមានរយៈពេលពីរថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០១៨ នាពេលខាងមុខនេះ។នេះបើយោងតាម សេចក្តីជូនដំណឹងរបស់មជ្ឈមណ្ឌលការងារ ខេត្តបាត់ដំបង បានឲ្យដឹង។

វគ្គបណ្តុះបណ្តាលនេះនឹង ផ្តល់ជូននូវខ្លឹមសារ និងអត្ថប្រយោជន៍មួយចំនួន ដូចជា៖ ប្រភពការងារសម្រាប់យុវជន យុទ្ធសាស្ត្រធ្វើយ៉ាងណាឲ្យឆាប់ទទួលបានការងារធ្វើ វិធីសាស្រ្តនៃការសរសេរប្រវត្តិរូបសង្ខេបឲ្យបានត្រឹមត្រូវ និងគន្លឹះក្នុងការសម្ភាសការងារជាមួយនិយោជកដើម្បីទទួលបានការងារធ្វើ ព្រមទាំងចំនុចសំខាន់ផ្សេងៗ ជាច្រើនទៀត ដែលនឹងបង្ហាញដោយមន្ត្រីជំនាញ របស់មជ្ឈមណ្ឌលផ្ទាល់។

ក្នុងសេចក្តីជូនដំណឹងនោះផង ដែលបានន្ថែមទៀតថា សម្រាប់សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើ ជាពិសេសនិស្សិតដែលត្រៀមនឹងបញ្ចប់ការសិក្សា ដើម្បីទទួលបានមូលដ្ឋានគ្រឹះ ក្នុងការត្រៀមលក្ខណៈសម្បត្តិ ឈានចូលទីផ្សារការងារ ដែលកំពុងមានភាពប្រគួតប្រជែងនាពេលបច្ចុប្បន្ន ។

សូមបញ្ជាក់ផងដែរថា ការចូលរួមវគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែទទួលបានតែចំណេះដឹង នឹងបទពិសោធន៍ ពីមន្ត្រីជំនាញរបស់មជ្ឈមណ្ឌលការងារប៉ុណ្ណោះទេ ក្នុងកម្មវិធីនេះក៏បានផ្តល់ អាហារមួយពេលដល់សិក្ខាកាមផងដែរ។

ដូចនេះប្រសិនបើជាយុវជន សិស្ស-និស្សិតដែលមានមូលដ្ឋាន ឬកំពុងសិក្សានៅខេត្តបាត់ដំបង មានចំណាប់អារម្មណ៍ ចង់ចូលរួមសិក្សាវគ្គត្រៀមលក្ខណៈសម្បត្តិ ស្វែងរកការងារធ្វើ អាចអញ្ជើញទៅចុះឈ្មោះ នៅការិយាល័យមជ្ឈមណ្ឌលការងារ ខេត្តបាត់ដំបង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៥ ខែមីនានេះ រៀងរាល់ម៉ោងធ្វើការ ឬតាមរយៈលេខទូរស័ព្ទ៖ ០១៦ ៩២៦ ៦៥៥/០៥៣ ៧៣៣ ១១១៕