(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា អមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទជាច្រើនរូប អញ្ជើញទៅចូលរួម កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ លើកទី១៣ នៅទីក្រុងបាងកក ប្រទេសថៃ។
កិច្ចប្រជុំនេះមានរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០១៨។ ការអញ្ជើញទៅចូលរួមកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ នាយឧត្ដមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការពារជាតិថៃ។
សូមបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំខាងលើផ្ដោតយ៉ាងសំខាន់លើការពង្រឹងទំនាក់ទំនង និងលើកកំពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ជាពិសេសដើម្បីរឹតចំណងមិត្ដភាព និងពង្រីកដែនកិច្ចសហប្រតិបត្ដិការ។ ក្នុងនោះរួមមាន៖ ផ្នែកសន្ដិសុខ ការអភិវឌ្ឍន៍ និងដើម្បីទប់ស្កាត់បង្ក្រាបនូវរាល់អំពើអសកម្ម និងអំពើខុសច្បាប់នានា រួមទាំងស្វែងរកដំណោះស្រាយ និងវិធានការរួមគ្នា ដើម្បីរក្សា និងធានាឲ្យបាននូវទំនាក់ទំនងល្អ ក្នុងការជំរុញឲ្យមាននូវសន្ដិភាព ស្ថិរភាព សន្ដិសុខ និងការអភិវឌ្ឍ នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ៕