(ឧត្តរមានជ័យ)៖ លោក គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងការងារខេត្តឧត្តរមានជ័យ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ ឲ្យយកចិត្តទុកដាក់លើការងារសំខាន់ៗចំនួន ៥ចំណុច ដើម្បីឈានទៅដណ្តើមយកជ័យជម្នះលើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ការក្រើនរំលឹករបស់លោក គន់ គីម បានធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារគណបក្សឆ្នាំ២០១៧ និងលើកទិសដៅភារកិច្ចឆ្នាំ២០១៨ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ។ សន្និបាតនេះ ក៏មានការចូលរួមពីមន្ត្រី ថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់នៅក្នុងខេត្ត ដែលជាសមាជិក សមាជិកាបក្សប្រជាជនប្រមាណ ១៧០នាក់។
លោក គន់ គីម បានលើកឡើងថា អ្វីដែលជាចំណុចខ្លាំងក្នុងឆ្នាំកន្លងមករបស់គណបក្សប្រជាជនខេត្តឧត្តរមានជ័យ គឺការសាមគ្គី ឯកភាពផ្ទៃក្នុងបក្ស និងទទួលបានការគាំទ្រពីមហាជននៅក្នុងខេត្ត។ ជាក់ស្តែង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់កន្លងមកនេះ បើប្រៀបធៀបនិងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០១៣ ការបោះឆ្នោតឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា កើនបានជិតមួយម៉ឺនសំឡេង។
លោក គន់ គីម បានគូសបញ្ជាក់ថា ដើម្បីឈានទៅដណ្តើមបានជោគជ័យសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅចុងឆ្នាំ២០១៨នេះ គឺត្រូវយកចិត្តទុកដាក់ទៅលើការងារសំខាន់ៗចំនួន ៥ចំណុចរួមមាន៖
១. ក្រុមការងារគ្រប់ថ្នាក់ត្រូវចុះទៅមូលដ្ឋានធ្វើសកម្មភាពអោយបានព្រមៗគ្នា និងធ្វើជាប្រចាំ
២. បន្តពង្រឹងក្រុមបក្ស សាខាបក្ស គ្រប់គ្រងពង្រឹងសមាជិកបក្ស ដើម្បីធានាឲ្យបានសមាជិកបក្សម្នាក់ គឺសំឡេងឆ្នោតមួយសន្លឹក
៣. ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ត្រូវជំរុញការអនុវត្តតាមផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៦
៤. បន្តខិតខំដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ អ្វីដែលយើងបានសន្យាជាមួយពួកគាត់ត្រូវតែដោះស្រាយជូនពួកគាត់ឲ្យបានជៀសវាងនូវទង្វើណា ដែលនាំឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ ពិសេសការបម្រើសេវាសាធារណៈ
៥. គ្រប់ស្ថាប័ន គ្រប់គ្នា ត្រូវចេះកែលម្អខ្លួន លប់បំបាត់ភាពអសកម្ម អនុវត្តន៍តាមអភិក្រមរបស់សម្តេតេជោ ( ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់)៕