(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ទី៤៨ និងផ្ទះមនុស្សធម៌ទី៤៩ ផ្ដួចផ្ដើមដោយលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ជូនដល់គ្រួសារចាស់ជរាទីទ័លក្រគ្មានទីពឹង និងគ្រួសារស្ត្រីមេម៉ាយទីទ័លក្រ នៅស្រុកអង្គរជុំ ខេត្តសៀមរាប។
ផ្ទះមនុស្សធម៌ទី៤៨ ត្រូវបានប្រគល់ជូនគ្រួសារអ៊ុប្រុស ឆាយ ឈឿន អាយុ៦០ឆ្នាំ (អតីតយោធាស្រុកវ៉ារិន) និងភរិយាឈ្មោះ ហម នំ អាយុ៦២ឆ្នាំ មានជំងឺប្រចាំកាយ បច្ចុប្បន្នដើរស៊ីឈ្នួលគេ និងបោយល្ពាក់ធ្វើឈ្នាងលក់ គ្រាន់បានកម្រៃខ្លះទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
ផ្ទះមនុស្សធម៌ទី៤៩ ត្រូវបានប្រគល់ជូនគ្រួសារអ្នកមីង ធឿន រ៉ាម អាយុ៤៧ឆ្នាំ ជាស្ត្រីមេម៉ាយទីទ័លក្រ និងមានកូនស្រីមា្នក់អាយុ២០ឆ្នាំ បច្ចុប្បន្នដើរលក់នំបញ្ចុក គ្រាន់បានកម្រៃខ្លះទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
ថ្លែងក្នុងឱកាសនោះ លោកស្រី គួយ ណាលីន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ឃឹម ប៊ុនសុង ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល។
លោកស្រី ក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើម្បីជួយសម្រួលដល់ជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ហើយនេះជារដូវប្រាំងសូមបងប្អូនទាំងអស់ត្រូវចេះប្រុងប្រយ័ត្នចំពោះភ្លើងផ្សែង និងសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។
អំណោយមនុស្សធម៌បន្ថែមក្នុង១គ្រួសារមាន៖ មុង១, ភួយ១, សារុង១, ក្រមា១, កន្ទេល១, អង្ករ៥០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមម្នាក់ៗ ទទួលបានថវិកា១ម៉ឺនរៀលផងដែរ។
ជាមួយគ្នានេះ ព្រះតេជគុណ ព្រះអនុគណស្រុកអង្គរជុំក៏បានប្រទានទេយ្យទានមួយចំនួន ក្នុងមួយគ្រួសារផងដែរ៕