(ភ្នំពេញ)៖ ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ រំលឹកពលករខ្មែរនៅក្នុងប្រទេសថៃថា រដ្ឋាភិបាលថៃនឹងបិទដំណើរការបន្តសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្តោះអាសន្ន ពោលគឺប័ណ្ណស៊ីជំពូ និងលិខិតបញ្ជាក់ទំនាក់ទំនងរវាងថៅកែ និងពលករនៅត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះហើយ។ ស្ថានទូតខ្មែរ បានអំពាវនាវដល់ពលករខ្មែរកំពុងធ្វើការនៅក្នុងប្រទេសថៃ ឲ្យរួសរាន់ទៅបន្តសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្តោះអាសន្ននៅការិយាល័យច្រកចេញចូលតែមួយរបស់ថៃតាមបណ្តាខេត្ត-ក្រុងនានារបស់ថៃ ដែលពួកគេកំពុងធ្វើការងារ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតខ្មែរនៅប្រទេសថៃដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះថា នៅពេលផុតកំណត់កាលបរិច្ឆេទនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ អាជ្ញាធរថៃនឹងចាត់វិធានការតឹងរឹងតាមច្បាប់ ចំពោះពលករបរទេសទាំងអស់ ដែលពុំមានច្បាប់អនុញ្ញាតឲ្យស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃនោះឡើយ។
សូមជម្របថា ពលករខ្មែរកំពុងបម្រើការងារនៅប្រទេសថៃ មានជាង ១លាន ៥ម៉ឺននាក់ ហើយទទួលបានប្រាក់ឈ្នួលជាង៣០០បាតក្នុងមួយថ្ងៃ។ ក្នុងចំណោមពលករទាំងនេះ មានជាង ៧០ម៉ឺននាក់ជាពលករស្របច្បាប់ ខណៈជាង ៣០ម៉ឺននាក់ទៀត នៅពុំទាន់មានភាពស្របច្បាប់នៅឡើយ។ ក្រសួងការងារធ្លាប់បានបង្កើតក្រុមការងារចុះទៅជួយផ្តល់ភាពស្របច្បាប់ដូចជាលិខិតឆ្លងដែនជាដើមជូនពលករខុសច្បាប់ទាំងនោះដល់ប្រទេសថៃផងដែរ៕