(ស្វាយរៀង)៖ ផ្លូវលំមួយខ្សែ កំពុងប្រឈមទៅនិងការបំផ្លាញពីសំណាក់ក្រុមរថយន្តកុងតឺន័រ ដឹកដែកអេតចាយឆ្ពោះមកកាន់ប្រទេសវៀតណាម តាមចក្ររបៀងព្រំដែនសំយ៉ោង ស្ថិតក្នុងភូមិសាស្ត្រទឹកដីស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ការដឹកជញ្ជួនដែកអេតចាយពីសំណាក់រថយន្តកុងតឺន័រ ដឹកអេតចាយនេះ ដោយមានការបើកបារ៉ាស់កំណត់កម្ពស់រថយន្តពោល គឺដឹកតាមចិត្តដោយសង្ស័យមានថៅកែអេតចាយនេះ មានការទំនាក់ទំនងល្អពីសមត្ថកិច្ចច្រករបៀងព្រំដែន សំយ៉ោងទើបរថយន្តអាចទៅដល់ច្រកមួយនេះ។
ពលរដ្ឋរស់នៅក្នុងឃុំសំយ៉ោង បានថ្លែងឲ្យដឹងថា សព្វថ្ងៃនេះមានក្រុមរថយន្តកុងតឺន័រដឹកអេតចាយ កំពុងបំផ្លាញផ្លូវខូចខាតខ្ទិចខ្ទីខែប្រាំងដីហុយងងឹតមេឃ និងរដូវភ្លៀងមានជង្ហុកជ្រៅៗ ធំៗ និងមានទឹកដក់ពេញផ្លូវពីព្រោះរថយន្ត ដឹកអេតចាយគឺមានទង្ងន់ធ្ងន់ៗកំពុងចរាចរណ៍ទាំងថ្ងៃទាំងយប់។ ការដឹកពីសំណាក់រថយន្តដឹកដែកអេតចាយនេះ ពលរដ្ឋរស់នៅតំបន់នោះសង្ស័យ ដឹកលើសទម្ងន់ ហើយពីព្រោះរថយន្តកុងតឺន័រមានប្រវែងទ្រុងវែង និងទូកុងតឺន័ររីកចេញខាងស្ទើធ្លាយដូចក្រពើផើម។
នៅច្រករបៀងសំយ៉ោងនេះ បើទោះបីមានសារាចរណែនាំរបស់ក្រសួងមហាផ្ទៃឲ្យបិទចរាចរទំនិញនៅតាមច្រករបៀងយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចនៅច្រកនេះ មិនខ្ចីអើពើយកមកអនុវត្តឡើយ គឺមានទំនិញគ្រប់សារពើនៅតែចេញចូលតាមច្រកមួយនេះ ជាប្រចាំគឺទាំងយប់ទាំងថ្ងៃដូចស្រមោចជញ្ជូនស្ករ។
ពាក់ព័ន្ធករណីខាងលើនេះលោក សុខ រស់ អភិបាលស្រុកកំពង់រោទិ៍ បានថ្លែងប្រាប់អង្គភាព Fresh News រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះថា លោកមិនអនុញ្ញាតឲ្យរថយន្តដឹកដែកអេតចាយរត់តាមផ្លូវមួយនេះទេ ហើយរថយន្តទាំងនេះ ចូលមកដល់ព្រំដែនបានដោយសង្ស័យលួចមកពេលយប់ ឥឡូវលោកបានឲ្យមន្ត្រីរបស់លោក សហការមន្ទីរជំនាញចុះទៅដល់កន្លែងរថយន្តដឹកអេតនោះ ហើយបើជំនាញគេថា មេចយើងនឹងអនុវត្តតាមជំនាញរបស់គេ។
លោកបញ្ជាក់ទៀតថា បើអ្នកណាថាអាជ្ញាធរអនុញ្ញាតនោះ គឺមិនពិតទេ។ លោកបានបញ្ជាក់ឲ្យដឹងថា រាល់មុខទំនិញតាមច្បាប់កំណត់មិនមានការអនុញ្ញាតឲ្យដឹកទំនិញឆ្លងចេញចូលតាមច្រករបៀងនោះ បើដឹកបានតាមច្រករបៀង គឺមានតែប្រជាពលរដ្ឋរកស៊ីបន្តិចបន្តួចតាមម៉ូតូជាប់ព្រំដែនប៉ុណ្ណោះ។ បើតាមសមត្ថកិច្ចឈរជើងនៅព្រំដែនច្រករបៀងសំយ៉ោងនេះបានឲ្យដឹងថា អេតចាយមិនមែនទំនិញខុសច្បាប់នោះទេ ចឹងការបិទមិនឲ្យឆ្លងទៅវិញទៅមកសំខាន់ គឺលើអាជ្ញាធរដែនដីមាន ស្រុក ឃុំ ភូមិ បើកាលណាអាជ្ញាធរដែនដីគេប្រាប់ឲ្យទប់ស្កាត់ទើបអាចទប់ស្កាត់ ឬបិទភ្លាមហើយការខូចផ្លូវសំខាន់អាជ្ញាធរដែនដី បើគេសំណូមមកគឺខាងលោកទើបទប់ស្កាត់។
ពាក់ព័ន្ធនិងករណីនេះរាល់សុំការទំនាក់ទំនងទៅលោក យន សុផល មេប៉ុស្តិ៍ប៉ូលិសច្រករបៀងសំយ៉ោង គឺពិបាកជួបខ្លាំងណាស់ភាគច្រើនមេប៉ុស្តិ៍រូបនេះ មានពេលទំនេរខ្លាំងនៅតែផ្ទះ៕