(ភ្នំពេញ)៖ លោក ទួស សាភឿន ប្រធានក្រុមការងារស្ថាបត្យករ នៃក្រុមហ៊ុនសំណង់ ថៃ ប៊ុនរ៉ុង និងជាអគ្គលេខាធិការរងគណៈស្ថាបត្យកម្មកម្ពុជា បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង បានរៀបចំពិធីបញ្ចុះបឋមសិលាបួងសួងសូមសិរីសួស្តី ពីម្ចាស់ទឹកម្ចាស់ដី នៃគម្រោងសាងសង់អាគារ «មជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង» លំដាប់ពិភពលោក។ នេះជាព្រឹត្តការណ៍បើកការដ្ឋានដំបូង គឺសម្រាប់ការដ្ឋានគម្រោងជញ្ជាំងបេតុងទប់ដី ដើម្បីធ្វើគ្រឹះបង្ការកុំឲ្យមានការបាក់ច្រាំង នៅពេលការចាប់ផ្តើមសាងសង់សំណង់ អគារភ្លោះទាំងមូលនៅពេលខាងមុខ។
លោក ទួស សាភឿន បានបញ្ជាក់ទៀតថា គម្រោង «មជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង» សាងសង់នៅលើផ្ទៃដីទំហំ៤៩,៧៣២ម៉ែត្រក្រឡា ដែលមានកំពស់៥៦១.៧ម៉ែត្រ ស្មើនឹង១៣៣ជាន់ គឺគិតចំនួនផ្ទៃដែលប្រើប្រាស់បាន បើគិតបញ្ចូលទាំងកំពស់អង់តែន២៥ម៉ែត្រទៀត គឺមានកំពស់រហូតដល់៥៨៦.៧ម៉ែត្រឯណោះ។
លោកបានបញ្ជាក់ថាទៀតថា «មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ រួមបញ្ចូលនូវសណ្ឋាគារកម្រិតផ្កាយ៥ ខុនដូប្រណីត អាផាតមិន ការិយាល័យលំដាប់អន្តរជាតិ ផ្សារទំនើបចំរុះ ភោជនីយដ្ឋាន និងសេវាកម្មកម្សាន្តលំដាប់ពិភពលោកជាច្រើនកន្លែង និងកន្លែងទេសចរណ៍គយគន់ទេសភាពរាជធានីភ្នំពេញ ហើយគម្រោងនេះមានចំណតរថយន្តចំនួន៣៨០០គ្រឿង និងម៉ូតូចំនួន ៣០០០គ្រឿង នៅក្រោមដីចំនួនពីរជាន់ សម្រាប់អ្នកចូលមកប្រើប្រាស់អគារនេះ។ ការចំណាយ នៃគម្រោងសំណង់ទាំងមូលមានចំនួនទឹកប្រាក់រហូតដល់ជាង៣ពាន់លានដុល្លារអាមេរិក»។
នៅពេលសួរថា តើគម្រោងនេះនឹងត្រូវសាងសង់នៅពេលណាឲ្យច្បាស់ប្រាកដនោះ, លោក ទួស សាភឿន បានបញ្ជាក់ថា ពេលនេះ ការងារគំនូរប្លង់ស្ថាបត្យកម្មរបស់អគារភ្លោះនេះ បានបញ្ចប់ជាស្ថាពរ ហើយក្រុមការងារបច្ចេកទេសកំពុងសិក្សាបន្ថែមទៀត មុននឹងឈានដល់ការបើកការដ្ឋានសាងសង់ជាផ្លូវការនាពេលខាងមុខ។
លោកបន្ថែមថា «ប្លង់ស្ថាបត្យកម្មរបស់អគារនេះ ទទួលបានការចូលរួមសិក្សាពីស្ថាបត្យករមកពី៦ប្រទេស ហើយប្លង់នេះបានបញ្ចប់រួចរាល់ហើយ ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីបណ្តាប្រទេសមួយចំនួន។ ពេលនេះក្រុមការងារបច្ចេកទេស បាននឹងកំពុងសិក្សាបន្ថែមទៀត»។
ចំពោះសំណួរមួយទៀត ថាតើគម្រោងដ៏ធំសម្បើបនេះពិតជាត្រូវសាងសង់មែនប្រាកដមែនឬ? លោកបញ្ជាក់ទៀតថា «គម្រោងមួយនេះ យើងបានប្រើប្រាស់ថវិកាអស់ជាច្រើនលានដុល្លាររួចមកហើយ។ នៅពេលអគារមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ សាងសង់ចប់ នឹងក្លាយជានិម្មិតរូប នៃការអភិវឌ្ឍជាតិ មុខមាត់របស់ប្រទេសកម្ពុជាទាំងមូល និងជាពិសេសបានលើកតម្លៃកិត្យានុភាព សម្រាប់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ដែលជាប្រទេសធ្លាប់មានអរិយធម៌ខ្ពង់ខ្ពស់។ វាមិនត្រឹមតែជាមោទនភាព សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងទាក់ទាញក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ ឲ្យចូលមកប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត ព្រោះបច្ចុប្បន្ននេះកម្ពុជាមិនទាន់ មានការិយាល័យលំដាប់ពិភពលោក ដែលអាចទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ មកបើកការិយាល័យនៅរាជធានីភ្នំពេញ បានច្រើននៅឡើយ»។
សូមជម្រាបថា អគារពាណិជ្ជកម្មភ្លោះកម្ពស់ជិត៦០០ម៉ែត្រ នឹងត្រូវសាងសង់នៅលើដីអតីតសួនកម្សាន្តឌ្រីមលែន។ គម្រោងនេះត្រូវបានប្រកាសឡើងកាលពីខែមីនា ឆ្នាំ២០១៦ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ថៃ ប៊ុនរ៉ុង និងក្រុមហ៊ុនចិន៕