(ភ្នំពេញ)៖ គណៈប្រតិភូថ្នាក់ដឹកនាំបក្សទីក្រុងគឹនថឺរ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ជិន គួគជុង លេខាបក្សទីក្រុងគឹនថឺរ, លោក ង្វៀន ថាញ់យុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងគឹនថឺរ និងលោកឧត្តមសេនីយ៍ត្រី ង្វៀន ថាញ់ហាយ នាយរងសេនាធិការយោធភូមិភាគទី៩ បានអញ្ជើញចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជូនដល់នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងថ្នាក់ដឹកនាំកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។
ក្នុងឱកាសនោះ គណៈប្រតិភូវៀតណាម បានថ្លែងនូវការអរគុណចំពោះ នាយឧត្តមសេនីយ៍ មាស សុភា និងថ្នាក់ដឹកនាំផ្សេងទៀត ពិសេសនាយទាហានកងទ័ពជើងគោក ដែលក្នុងដំណើទស្សនកិច្ចរបស់ប្រតិភូមកកាន់កម្ពុជា លើកនេះបានទទួលស្វាគមន៍យ៉ាងរាក់ទាក់បំផុត នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។
លោក ជិន គួគជុង បានជំរាបជូនថា ដំណើទស្សនកិច្ចកាន់កម្ពុជាលើកនេះ គឺធ្វើឡើងដើម្បីបានជូនពរឆ្នាំថ្មីដល់ ស្ថាប័ននៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ឲ្យកាន់តែមានភាពជិតស្និទ្ធរីកចម្រើនរឹងមាំ។
នាយឧត្តមសេនីយ៍ មាស សុភា ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានសំដែងនូវការស្វាគមន៍ ចំពោះវត្តមាននៃដំណើទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូថ្នាក់ដឹកនាំលេខាបក្ស ទីក្រុងគឹនថឺរ និងយោធភូមិភាគទី៩ នៅលើទឹកដីកម្ពុជា នាពេលនេះ ដោយលោកមេបញ្ជាការកងទ័ពជើងគោក បានចាត់ទុកថាតាមរយៈនៃដំណើទស្សនកិច្ចរបស់ប្រតិភូ នៅលើទឹកដីកម្ពុជាលើកនេះ និងនាំមកនូវការរឹតចំណងសាមគ្គីភាព មិត្តភាពជាបងប្អូនប្រទេសជិតខាងល្អ ហើយកាន់តែពង្រឹងពង្រីកបានកាន់តែល្អប្រសើរ នូវចំណងទាក់ទង កិច្ចសហប្រតិបត្តិការ រវាងបក្សរដ្ឋាភិបាល កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជា វៀតណាម កាន់តែល្អប្រសើរ។
ឆ្លៀតក្នុងឱកាសឆ្នាំថ្មីប្រពៃណីខ្មែរនេះ លោក ជិន គួគជុង ជំនួសមុខឲ្យបក្សរដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាម បានជូនពរដល់បក្ស រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា ពិសេសកងទ័ពជើងគោក ក្នុងឱកាសឆ្នាំថ្មីប្រពៃណីខ្មែរនាឆ្នាំនេះ សូមឲ្យថ្នាក់ដឹកនាំកងទ័ពជើងគោក និងនាយ ពលទាហានទាំងអស់ មានសេចក្តីសុខចម្រើន សំណាងល្អគ្រប់ៗគ្នា ពិសេសសូមឲ្យចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការជាបងប្អូន នៃប្រទេសយើងទាំងពីរ វៀតណាម កម្ពុជា នៅស្ថិតស្ថេរអមតៈ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ មាស សុភា ជំនួសមុខឲ្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ពិសេសកងទ័ពជើងគោក បានសំដែងនូវអំណគុណយ៉ាងអនេកចំពោះបក្ស រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាម ដែលជានិច្ចជាកាល តែងបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សំភារៈដល់គ្រប់សកម្មភាពក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យមានការីកចម្រើនរហូតមកដល់ពេលនេះ។
មេបញ្ជាការរូបនេះ បញ្ជាក់ទៀតថា កាយវិការនៃការជួយឧបត្ថម្ភរបស់ភាគីមិត្តដល់កម្ពុជា គឺពិតជាបានធ្វើឲ្យប្រជាជនកម្ពុជា មិនអាចបំភ្លេចបានឡើយ នូវគុណូបការៈទាំងនេះ ពិសេសការជួយរំដោះប្រជាជនកម្ពុជាឲ្យរួចផុត ពីការកាប់សម្លាប់ នៃរបបវាលពិឃាតខ្មែរក្រហម ប៉ុល ពត ក្នុងអំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩ ដោយបានរំដោះប្រជាជនកម្ពុជា ឲ្យរស់រានមានជីវិតឡើងវិញនៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ហើយរហូតមកទល់ និងពេលនេះវៀតណាម នូវតែបន្តជួយដល់កម្ពុជា ពិសេស ខ ភ ម រហូតមានការរីកចម្រើនដល់សព្វថ្ងៃ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាឆ្នាំនេះ នាយឧត្តមសេនីយ៍ មាស សុភា ជំនួសមុខឲ្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃខ ភ ម ពិសេសកងទ័ពជើងគោក ក៏បានជូនពរវិញផងដែរ ដល់ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាម ពិសេសថ្នាក់ដឹកនាំបក្សទីក្រុងគឺនថឺរ និងថ្នាក់ដឹកនាំយោធភូមិភាគទី៩ សូមមានសំណាងល្អ សុខភាពល្អ ក្នុងការដឹកនាំ និងការអភិវឌ្ឍន៍ទីក្រុងគឺនថឺរ និងយោធភូមិភាគទី៩ ក្នុងឆ្នាំថ្មីនេះ ឲ្យកាន់តែរីកចម្រើន និងបន្តពង្រឹងពង្រីកចំណងទាក់ទង នៃការរឹតចំណងសាមគ្គីភាព មិត្តភាពកិច្ចសហប្រតិបត្តិការជាបងប្អូននៃប្រទេសទាំងពីរកម្ពុជា វៀតណាមកាន់តែរឹងមាំ និងរីកចម្រើន៕