(ភ្នំពេញ)៖ ក្នុងនាមមនុស្សជាតិ ជាពលរដ្ឋរួមជាតិសាសន៍ និងជាកងយោធពលខេមរភូមិន្ទដើម្បីជាតិ និងប្រជាជន នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេស ប្រឆំាងភេរវកម្ម បានរៀបចំ និងចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ «ឈាមរបស់យើង គឺជាឱសថដ៏ស័ក្តិសិទ្ធសម្រាប់សង្គ្រោះជីវិតមនុស្ស»។
ពិធីនេះត្រូវបានរៀបចំនៅលេខាធិការដ្ឋាន នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆំាងភេរវកម្មក្រោម កិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងការចូលរួមឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន CP និងក្រុមហ៊ុនទឹកបរិសុទ្ធ Vital ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ម៉ៅ ស៊ីវ៉ាត តំណាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការបញ្ជាការដ្ឋាជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងលោក ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
លោក ហុក គឹមចេង បានលើកឡើងថា ឈាមជាង៧៥,០០០ប្លោក ត្រូវបានទទួល និងបែងចែកទៅដល់មន្ទីពេទ្យនានាទូទាំងប្រទេស ក្នុងនោះមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅរាជធានីភ្នំពេញ ត្រូវការឈាម ប្រមាណជា១៥០ទៅ២០០ប្លោកក្នុងមួយថ្ងៃៗ ហើយតម្រូវការប្រើប្រាស់ឈាមតាមមន្ទីពេទ្យ នៅក្នុងរាជធានីភ្នំពេញប្រមាណ៨០ភាគរយ នៃតម្រូវការឈាមសរុបទូទាំងប្រទេស។
លោកបានបន្តថា ដោយសារតែឈាមអាចរក្សាទុកបានត្រឹមតែររយៈពេល៣៥ទៅ៤២ថ្ងៃ តែប៉ុននោះ ដូចនេះយុទ្ធនាការផ្តល់ឈាមត្រូវធ្វើជារៀងរាល់ថ្ងៃ រៀងរាល់ខែ គ្រប់រាជធានីខេត្តទូទាំងប្រទេស។
លោកបានបញ្ជាក់ថា «ការបរិច្ចាគឈាម មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងទេ ជាងនេះវាជួយសុខភាពយើងដូចជា ជួយបន្ថយនូវកំហាប់ឈាម ការជួយឲ្យដំណើរការឈាមរត់បានប្រសើជាងមុន និងធ្វើឲ្យបាត់កាលូរីប្រមាណ៦៥០កាលូរី ក្នុងការបរិច្ចាគឈាមម្តងៗ»។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ស៊ីវ៉ាត បានលើកឡើងថា «កងទ័ពកើតចេញពីប្រជាជន ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជន» ការស្ម័គ្រចិត្តបរិច្ចាគឈាមដោយកាយវិការមនុស្សធម៌នេះ គឺជាការរួមចំណែកជួយទៅដល់សង្គម ដែលឆ្លើយតប និងតម្រូវការឈាមនៅតាមមន្ទីពេទ្យ មានការកើនឡើងដើម្បីជួយដល់ប្រជាពលរដ្ឋទូទៅ ដែលត្រូវការឈាមចាំបាច់ក្នុងការព្យាបាលជំងឺ។
លោកឧត្តមសេនីយ៍ បានឲ្យដឹងថា អង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានធ្វើការបរិច្ចាគឈាមទៅឲ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម ចំនួន៦លើករួចមកហើយ ដែលសរុបបានចំនួន ១,៦៧៤ប្លោកឈាម។
សូមបញ្ជាក់ថា អង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆំាងភេរវកម្ម បានធ្វើការបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមជារៀងរាល់ឆ្នាំ ដែលឆ្នាំនេះចំនួនអ្នកបរិច្ចាកជិត៣០០នាក់ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងទទួលឈាមបានចំនួន២៧៦ប្លោកបន្ថែមទៀត៕