Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកបើកតាក់ស៊ីម្នាក់ ឃើញអ្នកជិះក្នុងរថយន្តស្អាត ល្បួងនាំចូលផ្ទះសំណាក់ប៉ងចាប់រំលោភ តែត្រូវនាងស្រែករហូតសមត្ថកិច្ច ចុះមកវាយខ្នោះ

19-03-2018 17:30

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ បានបញ្ជូនខ្លួនបុរសជាអ្នករត់តាក់ស៊ីម្នាក់ ដែលល្បួងនារីវ័យក្មេងម្នាក់ឡើងផ្ទះសំណាក់ ដើម្បីប៉ុនប៉ងធ្វើសកម្មភាពរំលោភ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សមត្ថកិច្ចបានប្រាប់ថា បុរសដែលជាជនសង្ស័យមានឈ្មោះ ហម សុខវី អាយុ២៤ឆ្នាំ មុខរបរបើកបរតាក់ស៊ី មានរស់នៅផ្លូវលេខ២៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំណែកនារីនារីរងគ្រោះឈ្មោះ អ.ក.ម.ត កើតឆ្នាំ២០០០ មុខរបរបុគ្គលិកក្រុមហ៊ុន «ប៊ីហ៊ីប» លក់អាហារបំប៉ន រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកមុខកំពូល ខេត្តកណ្តាល។

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់ នៅចំណុចផ្ទះសំណាក់យីហោ «អាហ្វា» ស្ថិតក្នុងក្រុម៤ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានករណីមួយបានកើតឡើងរវាងអ្នករត់តាក់ស៊ី និងនារីវ័យក្មេងម្នាក់ ដោយនារីរងគ្រោះប្ដឹងចោទប្រកាន់ថា អ្នករត់តាក់ស៊ីបានល្បួងនាងឡើងផ្ទះសំណាក់ ដើម្បីប៉ុនប៉ងធ្វើសកម្មភាពរំលោភ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញអ្នកទាំងពីរឈ្លោះប្រកែកគ្នា នៅបរិវេណផ្ទះសំណាក់ និងមានការប្រទាញប្រទុងគ្នា ទំនងនារីរងគ្រោះមិនព្រមចូលផ្ទះសំណាក់ ជាមួយបុរសនោះ ហើយក៏ឃើញនារីនោះរត់ចេញមកក្រៅ ស្រែកឆោឡោដើម្បីឲ្យប្រជាពលរដ្ឋដែលនៅក្បែរនោះជួយ ឃើញដូច្នេះប្រជាពលរដ្ឋ ក៏បានរាយការណ៏ដល់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍។

យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ គឺចោទប្រកាន់ទៅលើរបុរសជាអ្នករត់តាក់ស៊ីថា ដំបូងគាត់លួងលោមខ្ញុំឲ្យឡើងជិះឡានជាមួយ បន្ទាប់មកគាត់ក៏បើកឡានសំដៅមកផ្ទះសំណាក់ខាងលើតែម្តង ហើយក៏ធ្វើសកម្មភាពល្បួងខ្ញុំឲ្យចូលផ្ទះសំណាក់ដើម្បីរួមភេទជាមួយគាត់ ប៉ុន្តែត្រូវបានខ្ញុំប្រកែក នឹងស្រែកឆោឡោ រត់ទៅឲ្យគេជួយ ហើយក៏ឃើញសមត្ថកិច្ចមកជួយអន្តរាគមន៍ នឹងចាប់ឃាត់ខ្លួនបុរសនោះតែម្តង៕