(ភ្នំពេញ)៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ លោកស្រី មួរ សុខហួរ អតីតតំណាងរាស្រ្តរបស់អតីតគណបក្សសង្រ្គោះជាតិ និងអ្នកនយោបាយណា ដែលបានអំពាវនាវឲ្យបរទេសឈប់ទិញទំនិញពីកម្ពុជា។
លោក ហេង សួរ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការអំពាវនាវបែបនេះអាចជាទង្វើក្បត់ជាតិ ពីព្រោះអ្នកអំពាវនាវនេះបានដឹងច្បាស់ថាពេលបរទេសឈប់ទិញទំនិញពីកម្ពុជា តាមការអំពាវនាវរបស់ខ្លួននោះ កម្មករនិយោជិត និងក្រុមគ្រួសាររបស់គេនឹងបាត់ប្រភពចំណូល ហើយធ្លាក់ខ្លួនក្នុងភាពក្រីក្រឡើងវិញ។ ពេលដែលកម្មករនិយោជិត និងក្រុមគ្រួសាររបស់គាត់ធ្លាក់ខ្លួនក្រីក្រវិញនោះ អ្នកនយោបាយទុច្ចរីតនឹងងាយស្រួលបញ្ឆេះកំហឹងសង្គម ធ្វើឲ្យសង្គមហ្វឹកហ្វរ ផ្ទុះហឹង្សា ហើយអាចជាឆ្នួនធ្វើបដិវត្តពណ៌ដែលជាគោលដៅចុងក្រោយរបស់ពួកអ្នកក្បត់ជាតិនោះតែម្តង»។
លោកបានបន្តទៀតថា «ការអំពាវនាវរបស់អ្នកនយោបាយទុច្ចរឹត ដែលសំុឲ្យបរទេសឈប់ទិញទំនិញពីកម្ពុជានាពេលថ្មីៗគឺជាសក្ខីភាពថ្មីបន្ថែមទៀតបញ្ជាក់ទៅដល់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋខ្មែរគ្រប់រូបថា អ្នកនយោបាយប្រឆាំងតាំងពីដើមរៀងមកគឺគ្មានបំណងចង់ឲ្យបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋខ្មែរមានជីវភាពធូរធារបន្តិចសោះឡើយ ពីព្រោះបើប្រជាពលរដ្ឋមានជីវភាពធូរធារ ស្រុកមានការអភិវឌ្ឍគឺពួកអ្នកប្រឆាំងទាំងនេះនឹងអស់អ្វីកុហកបងប្អូនប្រជាពលរដ្ឋទៀត។ មកដល់ថ្ងៃនេះប្រសិនជាគ្មានអ្នកនយោបាយទុច្ចរឹតយកជើងរាទឹក និងបំពុលព័ត៌មាននៅក្រៅប្រទេសទេនោះ បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋខ្មែរប្រហែលជាមានជីវភាពល្អ និងទទួលបានផលប្រយោជន៍ច្រើនជាងពេលបច្ចុប្បន្នផង»។
លោកបានប្តទៀតថា «ទង្វើររបស់ក្រុមប្រឆាំងគឺផ្ទុយទាំងស្រុងពីមហិច្ឆិតា និងក្តីប្រាថ្នារបស់រាជរដ្ឋាភិបាល ដែលតែងតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីទាក់ទាញអ្នកវិនិយោគ និងជំនួយពីបរទេស មកកសាងហេដ្ឋារចនាសម្ព័ននានា ដូចជាផ្លូវថ្នល់ អគ្គីសនី កំពុងផែសំដៅបង្កើតការងារកាន់តែច្រើន កានតែល្អ និងសំបូរបែបជូនកម្មករនិយោជិតយើង។ ខ្ញុំជឿថា នាថ្ងៃណាមួយបងប្អូនកម្មករ និយោជិតខ្មែរនឹងដាក់ពាក្យប្តឹងប្រឆាំងនឹងអ្នកនយោបាយទុច្ចរឹតទាំងឡាយ ដែលប៉ុនប៉ងបំផ្លាញផលប្រយោជន៍និងឆ្នាំងបាយរបស់កម្មករនិយោជិតជាក់ជាពំុខាន»។
សមបញ្ជាក់ថា ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងការងារ បានធ្វើឡើងបន្ទាប់បី លោកស្រី មូរ សុខហួរ បានផ្តល់បទសម្ភាសន៍ដល់ លោក ជុន ច័ន្ទបុត្រ នាយកគ្រប់គ្រងវិទ្យុអាស៊ីសេរីជាខេមរភាសា នៅអំឡុងថ្ងៃ នៃកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី ដោយបានស្នើឱ្យរដ្ឋាភិបាលអូស្រ្តាលី ផ្អាកការទិញសម្លៀកបំពាក់ដែលផលិតនៅក្នុងប្រទេសកម្ពុជា៕