(ភ្នំពេញ)៖ មន្រ្ដីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ស្ពានអាកាសស្តុបផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ គ្រោងដាក់ឲ្យដំណើរការធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរខាងមុខនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក នូ វឌ្ឍនៈ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះថា ការដាក់ឲ្យដំណើរការជាបណ្តោះអាសន្ននេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋ នៅក្នុងអំឡុងពិធីបុណ្យ ចូលឆ្នាំខ្មែរខាងមុខនេះ។ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានជាតិកម្ពុជា AKP នៅថ្ងៃនេះ។
លោកបានលើកឡើងថា ប៉ុន្ដែបើទោះបីយ៉ាងណាក្ដី ស្ពានអាកាសស្តុប ផ្សារដីហ៊ុយនេះ នឹងផ្អាកដំណើរការឡើងវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់ ដើម្បីឲ្យក្រុមបច្ចេកទេសបញ្ចប់ ការសាងសង់ ហើយលោកថា ក្រុមការងារបច្ចេកទេស ត្រូវការពេលយ៉ាងហោចណាស់ក៏ពីរខែទៀតដែរ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួច ដើម្បីរៀបចំបង្ហើយការងារដែលនៅសល់។
ទន្ទឹមនេះ អ្វីដែលជាបញ្ហាដែលធ្វើឲ្យដំណើរការសាងសង់មានភាពយឺតយ៉ាវនោះ គឺដោយសារតែការដកខ្សែចម្លងតុងស្យុងកាត់ទទឹង ស្ពានអាកាសមិនទាន់ដោះស្រាយ បានលឿន និងរួចរាល់នៅឡើយ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា បច្ចុប្បន្ននេះ ស្ពានអាកាសស្តុបផ្សាយដីហ៊ុយគឺ សម្រេចបានការសាងសង់ប្រមាណ៨៥ភាគរយហើយ។
សូមរំលឹកថា ស្ពានអាកាសផ្សារដីហុយ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពី ចុងខែសីហា២០១៦ ហើយគ្រោងបញ្ចប់នៅដំណាច់ខែធ្នូ ឆ្នាំ២០១៧ កន្លងមកនេះ ដើម្បីបើកដាក់ឲ្យដំណើរការ ជូនប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់នៅក្នុងអំឡុង ពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ៕