(ភ្នំពេញ)៖ រយៈពេល២៣ឆ្នាំ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៧ បើតាមតួលេខដែលកត់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ការវិនិយោគរបស់ហុងកុងនៅកម្ពុជា មានចំនួន២៥៧គម្រោង មានទុនវិនិយោគសរុបប្រមាណ១.៣៣ពាន់លានដុល្លារអាមេរិក ស្មើនឹង២.១៤%នៃទុនវិនិយោគសរុប។
ការបញ្ជាក់ទំហំវិនិយោគរបស់ CDC នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ CDC ជាមួយគណៈប្រតិភូពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុង ដឹកនាំដោយលោក អ៊េតវឺត យ៉ាវ (Edward Yau) លេខាធិការទទួលបន្ទុកកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅរសៀលថ្ងៃច័ន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គណៈប្រតិភូនាពេលនេះ មានសមាជិកសរុបចំនួន៦៩នាក់ មកពីក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង, រដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង, ការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មហុងកុងប្រចាំនៅសិង្ហបុរី និងក្រុមហ៊ុនចំនួន ៣០ ដែលមានសកម្មភាពក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, បច្ចេកវិទ្យា, សំណង់ និងសេវាកម្មអាជីព (ច្បាប់និងគណនេយ្យ)។
លោក សុខ ចិន្តាសោភា បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅនិងវាយតម្លៃខ្ពស់ ដល់គណៈប្រតិភូដែលបានចំណាយពេលវេលា ដ៏មានតម្លៃធ្វើដំណើរមកស្វែងយល់ដោយផ្ទាល់ ពីកាលានុវត្តភាពវិនិយោគ នៅកម្ពុជា។
លោកអគ្គលេខាធិការ បានជម្រាបជូនគណៈប្រតិភូពីភាពអំណោយផល នៃបរិយាកាសវិនិយោគ ជាពិសេស ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលបានផ្តល់លទ្ធភាពឱ្យកម្ពុជាសម្រេចបាននូវ កំណើនសេដ្ឋកិច្ចជាមធ្យម៧.៧ %ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងទៅ។ កំណើនដ៏រឹងមាំនេះ បានធ្វើឱ្យកម្ពុជាធ្វើដំណើរយ៉ាងក្លៀវក្លា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោយផ្ដល់ទំនុកចិត្ដដល់អ្នកវិនិយោគបរទេស ឱ្យបណ្តាក់ទុនលើគ្រប់វិស័យ។
លោក សុខ ចិន្តាសោភា ក៏បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្ដរបស់អ្នកវិនិយោគហុងកុង ដែលបានជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្ដានុពលខ្ពស់ ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។
លោក អ៊េត វឺត យ៉ាវ បានសម្តែងនូវអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយបានទទួលស្គាល់ និងសម្តែងនូវការអបអរសាទរ ចំពោះរាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេស ដែលធ្វើឱ្យមានការរីកចម្រើនលូតលាស់ និងមានកំណើនយ៉ាងខ្លាំង។
លោកបានសន្យានឹងខិតខំធ្វើការទាក់ទាញ និងផ្សព្វផ្សាយឱ្យអ្នកវិនិយោគហុងកុង ឱ្យមកបណ្តាក់ទុននៅកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីបន្តរឹតចំណងមិត្តភាព និងទំនាក់ទំនងសេដ្ឋកិច្ចនៃប្រជាជាតិទាំងពីរ។
សូមជម្រាបថា សម្រាប់ការវិនិយោគរបស់ហុងកុង ក្នុងឆ្នាំ២០១៧ គឺមានចំនួន១៣គម្រោង ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់, ស្បែកជើង, កាបូប និងឧស្សាហកម្មដទៃទៀត ក្នុងទឹកប្រាក់វិនិយោគប្រមាណ ៨៥លានដុល្លារអាមេរិក ស្មើនឹង១.៦៤% នៃទុនវិនិយោគសរុបប្រចាំឆ្នាំ២០១៧៕