(ភ្នំពេញ)៖ ភ្លាមៗក្រោយទទួលបានការប្រតិកម្មដ៏ខ្លាំងៗ ពីអង្គភាពព័ត៌មាន Fresh News នោះ, សារព័ត៌មានសំឡេងសហរដ្ឋអាមេរិក VOA ផ្សាយជាខេមរភាសា បានកែតម្រូវអត្ថបទរបស់ខ្លួនវិញហើយ ចំពោះការចេញផ្សាយថា Fresh News បានលុបអត្ថបទពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងលោក ជុន ច័ន្ទបុត្រ ស្វែងរកការពារជីវិតពីឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
នៅក្នុងការផ្សាយរបស់ខ្លួនលើអត្ថបទដែលមានចំណងជើងថា «ទូតអាមេរិកថា ការថ្លែងរបស់លោក ហ៊ុន សែនពាក់ព័ន្ធនឹងលោក ជុន ច័ន្ទបុត្រ និង កែម ឡី គឺជាការប្រមាថអាមេរិក»។ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ VOA បានរំលេចនូវប្រយោគថា អង្គភាពព័ត៌មាន Fresh News បានលុបអត្ថបទមួយចំនួន ពាក់ព័ន្ធប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានទម្លាយរឿងរ៉ាវរបស់លោក ជុន ច័ន្ទបុត្រ អនុប្រធានគ្រប់គ្រងការផ្សាយរបស់វិទ្យុអាស៊ីសេរីជាខេមរភាសា ដែលរត់ទៅពឹងឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួយការពារជីវិតរបស់ខ្លួនពីការតាមសម្លាប់របស់ CIA ដែលជាស្ថាប័នរបស់អាមេរិក។
VOA បានចុះផ្សាយយ៉ាងដូច្នេះថា «គេហទំព័រអង្គភាពព័ត៌មាន Freshnews ដែលស្និទ្ធនឹងរដ្ឋាភិបាល លោក ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យនេះ ក៏បានលុបចោលអត្ថបទមួយចំនួនដែលបានផ្សាយពីការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថា លោក ជុន ច័ន្ទបុត្រ ជាចារកម្មលោក និងអត្ថបទមួយចំនួនទៀតដែលផ្សាយថា លោក ជុន ច័ន្ទបុត្រ ស្នើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ជួយដោយបារម្ភខ្លាចអាមេរិកសម្លាប់ដូចលោកបណ្ឌិត កែម ឡី ក៏ត្រូវបានអង្គភាពព័ត៌មានមួយនេះលុបចោលផងដែរ»។
ការចុះផ្សាយផ្ទុយពីការពិតរបស់ VOA បានធ្វើឲ្យនាយកប្រតិបត្តិវ័យក្មេងរបស់ Fresh News លោក លឹម ជាវុត្ថា បានសម្តែងប្រតិកម្មតាមបណ្តាញព័ត៌មាន ដ៏មានប្រជាប្រិយភាពរបស់ខ្លួនវិញភ្លាមៗផងដែរ។ លោក លឹម ជាវុត្ថា បានអះអាងថា អង្គភាពរបស់លោក គ្មានហេតុផលណាមួយ ដែលត្រូវលុបព័ត៌មាននេះចោលនោះទេ ព្រោះវាជាព័ត៌មានដែលត្រូវបានដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងនៅប្រទេសអូស្រ្តាលីក្នុងពិធីជួបសំណេះសំណាល ចំពោះមុខពលរដ្ឋខ្មែរ នៅទីក្រុងស៊ីដនីជាច្រើនរយនាក់ និងប្រកាសជាសាធារណៈ។
បន្ទាប់ពីការប្រតិកម្មនេះ VOA ក៏បានធ្វើការកែតម្រូវលើអត្ថបទរបស់ខ្លួនយ៉ាងដូច្នេះ «កំណែដើមចំពោះអត្ថបទខាងលើនេះបញ្ជាក់ថា វីដេអូដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី និងអត្ថបទដែលត្រូវបានផ្សាយដោយអង្គភាពព័ត៌មាន Fresh News ត្រូវបានលុបចោល។ ភាពត្រឹមត្រូវគឺវីដេអូផ្សាយផ្ទាល់នៃប្រសាសន៍លោកនាយករដ្ឋមន្រ្តី នៅប្រទេសអូស្ត្រាលី ដែលត្រូវបានបង្ហោះកាលពីថ្ងៃសុក្រ គឺនៅដដែលក្នុងន័យដើម។ ដូចគ្នានោះដែរ អត្ថបទដែលបង្ហោះដោយអង្គភាពព័ត៌មាន Fresh News ក៏នៅដដែល មិនត្រូវបានលុបចេញនោះទេ»។
កញ្ញា កាន់ វិច្ឆិកា ដែលជាម្ចាស់អត្ថបទផ្ទាល់តែម្តង ក៏បានសម្តែងការសូមអធ្យាស្រ័យចំពោះកំហុសឆ្គងនេះផងដែរ។ កញ្ញា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ម្សិលមិញមើលច្រឡំ ដោយ Scroll ចុះអត់អស់ ហើយឃើញព័ត៌មានពីសម្តេចច្រើននពេក និងដូចៗគ្នាច្រើន។ យ៉ាងណាក៏ដោយពួកខ្ញុំបានកែតម្រូវហើយ»។
នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News បានសូមអរគុណជាអនេកប្បការចំពោះស្មារតីនៃការគោរពវិជ្ជាជីវៈរបស់ VOA ដោយបានកែតម្រូវលើការផ្សាយរបស់ខ្លួន៕