(រតនគិរី)៖ បន្ទាប់ពីឃើញព័ត៌មានរបស់អង្គភាព Fresh News ផ្សព្វផ្សាយករណីមន្ដ្រីនៅមន្ទីរមុខងារសាធារណៈខេត្តរតនគិរី ចំនួន១៥រូប សុំអន្ដរាគមន៍ពីថ្នាក់ដឹកនាំ ដោយសារខាងរតនាគារខេត្ត មានភាពយឺតយ៉ាវបើកប្រាក់បេសកកម្មឆ្នាំ២០១៧ ជូនពួកគេធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ទៅលើជីវភាពរស់នៅប្រចាំថ្ងៃនោះ នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ លោក វ៉ាន់ សោភា ប្រធានមន្ទីរមុខងារសាធារណៈ បានបញ្ជាក់បន្ថែមចំពោះករណីនេះ បន្ទាប់ពីលោកបានសួរនាំទៅអនុប្រធានមន្ទីររបស់រួចមក។
លោក វ៉ាន់ សោភា បានបញ្ជាក់ថា ចំពោះករណីនេះលោកនឹងរាយការណ៍ជូនលោកកិត្តិបណ្ឌិត ពេជ ប៊ុនធិន រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកំណែ ទម្រង់រដ្ឋបាលសាធារណៈ និងលោក ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកំណែទម្រង់ រដ្ឋបាលសាធារណៈថ្នាក់ក្រោមជាតិ បន្ទាប់ពីលោក បញ្ចប់បេសកកម្មនៅភ្នំពេញ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក វ៉ាន់ សោភា បានថ្លែងអះអាងថា «បន្ទាប់ពីបានសាកសួរព័ត៌មានបន្ថែមពីលោក ស៊ុន សុភាព អនុប្រធានមន្ទីរ ដែលទទួលបានការផ្ទេរសិទ្ធិ កំឡុងពេលខ្ញុំជាប់បេសកកម្មនៅទីក្រុងភ្នំពេញនោះ គឺពិតជាមានមន្ត្រី នៃមន្ទីរមុខងារសាធារណៈចំនួន១៥នាក់ អន្តរាគមន៍មែន ដោយសារបរិបទ នៃការកែទម្រង់រដ្ឋបាលសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិការងារមមាញឹកច្រើន មន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈ បានខិតខំបំពេញការងារនឹងមិនមានប្រាក់ចំណូលអ្វីក្រៅប្រាក់ខែ និងប្រាក់បេសកកម្ម ចុះបំពេញការងារ។ ម្យ៉ាងទៀត ដោយខ្វះខាតដាច់លុយអត់លុយផង ខ្ចីគេក្រៅខ្លះផង ទើបគាត់សុំអន្តរាគមន៍ ដោយម្យ៉ាងវិញទៀត រតនាគារខេត្ត គាត់មិនបើកឲ្យដោយប្រាប់ថា ខុសកាលបរិច្ឆេទលើតារាង «ក» និងតារាង «ខ»។ ចុងក្រោយ គាត់ឲ្យប្រធានការិយាល័យគណនេយ្យចេញដីការបញ្ជូនមួយដោយគ្មានបែបបទរដ្ឋបាល និងមិនស្របតាមនិតីវិធីហិរញ្ញវត្ថុជាធរមានឡើយ ហើយមិនបានបញ្ជាក់ឲ្យបានច្បាស់ថា បើកមិនបានវាផ្ទុយ និងលិខិតបទដ្ឋានគតិយុត្តមួយណា ឬក្រឹត្យមួយណា ឬសារាចរណ៍ណែនាំមួយណា ទើបគាត់ស្នើសុំអន្តររគមន៍ចឹងទៅ»។
យោងតាមលិខិតអន្ដរាគមន៍របស់មន្ដ្រីរាជការទាំង១៥រូប ផ្ញើមកកាន់ការិយាល័យនិពន្ធអង្គភាព Fresh News នៅរសៀលថ្ងៃនេះ ពួកគេបានលើកឡើងថា ការគ្រប់គ្រងថវិកាឆ្នាំ២០១៧ មន្ទីរមុខងារសាធារណៈខេត្តរតនគិរី ពុំគ្រប់គ្រាន់បណ្ដាលឲ្យខ្វះថវិកាចំណាយលើការទូទាត់ប្រាក់បេសកកម្មឆ្នាំ២០១៧ ជូនពួកគាត់ចំនួន១៥នាក់ ប៉ុន្ដែដោយមានការជំរុញលើកទឹកចិត្តពីប្រធានមន្ទីរ មន្ដ្រីរាជការទាំង១៥រូបនេះ បានបន្ដខិតខំបំពេញការងារ រហូតចប់ឆ្នាំ ហើយរង់ចាំការទូទាត់ថវិកានៅឆ្នាំ២០១៨វិញ ប៉ុន្ដែរហូតមកដល់ពេលនេះទៅហើយ ពួកគាត់ទាំង១៥រូប មិនទាន់បានប្រាក់បេសកកម្មនៅឡើយទេ ពីរតនាគារខេត្ត។
មន្ដ្រីរាជការទាំង១៥រូប បានបញ្ជាក់ថា «ភាពយឺតយ៉ាវ នៃការបើកប្រាក់បេសកកម្មរបស់រតនាគារខេត្ត បែបនេះ ធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់ ពេលចុះបំពេញការងារ ហើយជាពិសេសនោះគឺ ប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់តែម្ដង ដោយមន្ដ្រីខ្លះបានខ្ចី និងចង់ការប្រាក់ពីខាងក្រៅសម្រាប់ការដោះស្រាយការខ្វះខាត»។
នៅក្នុងលិខិតអន្ដរាគមន៍នេះ មន្ដ្រីរាជការទាំង១៥រូប ក៏បានទទូចឲ្យថ្នាក់ដឹកនាំ ចាត់វិធានការណ៍ចំពោះមន្ដ្រីខិលខូចមួយចំនួន នៅរតនាគារខេត្តរតនគិរី ដែលបានធ្វើឲ្យប៉ះពាល់ក្នុងកំណែទម្រង់ រដ្ឋបាលសាធារណៈថ្នាក់ក្រោមជាតិ។
នៅក្នុងដីកាបញ្ជូនរបស់លោក សរ សាមី ប្រធានគណនេយ្យរតនាគារថ្នាក់ជាតិ និងសរុប ដែលបានផ្ញើទៅកាន់ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានបញ្ជាក់ថា ការទូទាត់ប្រាក់បេសកកម្មពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០១៧ រតនាគារពុំអាចទូទាត់ជូនបានឡើយ ដោយមូលហេតុខុសត្រង់កាលបរិច្ឆេទលើតារាង «ក» និងតារាង «ខ» ត្រូវប្រើប្រាស់ឆ្នាំ២០១៧វិញ ប៉ុន្ដែបញ្ហានេះត្រូវបានមន្ដ្រីរាជការ ទាំង១៥រូប អះអាងថា អភិបាលហិរញ្ញវត្ថុ បានយល់ព្រមលើទិដ្ឋាការ ចំណាយស្របតាមច្បាប់ហិរញ្ញវត្ថុជាធរមានរួចរាល់ហើយ៕