(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានថ្លែងថា បើមិនមានគណបក្សប្រជាជនកម្ពុជា ក៏គ្មានសមិទ្ធិផលនានាកើតឡើងដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តទៅទៀត ដើម្បីទទួលបានសមិទ្ធិផលនានាក្នុងភូមិស្រុកបងប្អូនបន្ថែមទៀត។
ការថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃ និងគណៈកម្មាការអាចារ្យវត្តបឹង ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ របស់លោក អ៊ុន ចាន់ដា ធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំក្រុមការងារគណបក្សខេត្ត ចុះជួយស្រុកសង្គមថ្មី នាំបច្ចយ័ទៅប្រគេនព្រះសង្ឃគង់ក្នុងវត្តបឹង សម្រាប់ដោះស្រាយការខ្វះខាតក្នុងការកសាងសមិទ្ធិផលនានាក្នុងវត្តកន្លងមក។
ជាមួយគ្នានេះដែរ លោកអ៊ុន ចាន់ដា បានជម្រាបជូន លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តគាំទ្រ និងជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែនជាប្រធាន ពោលគឺមានគណបក្សប្រជាជនកម្ពុជា គឺមានការអភិវឌ្ឍន។
លោកបានបន្ថែមថា «ដូចបងប្អូនឃើញស្រាប់ ថ្មីៗនេះក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ចុះជួយស្រុកសង្គមថ្មី ដែលមានលោកសំ លាងទ្រី ជាប្រធាន បានធ្វើការជួសជុលផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ប្រវែងជិត៣០គីឡូម៉ែត្រ ដែលចេញពីទីរួមស្រុកសង្គមថ្មី ទៅប្រាសាទព្រះខណ្ឌ ទុកជាចំណងដៃជូនប្រជាពលរដ្ឋស្រុកសង្គមថ្មីមុ នឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លើសពីនេះទៀតក្រុមការងារនេះបានរៀបចំក្នុងទីធ្លាវត្តបឹងនេះ ដោយឈូសឆាយដី ដើម្បីរៀបចំសង្រ្កានថ្មី ស្រុកសង្គមថ្មីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដោយនាំនូវតារាចម្រៀងល្បីៗមកពីភ្នំពេញមកលេងកំសាន្តជូនបងប្អូនប្រជាពលរដ្ឋកំសាន្តផងដែរ»។
នៅក្នុងឱកាសជួបសំណេះសំណាល បងប្អូនប្រជាពលរដ្ឋនោះ លោក អ៊ុន ចាន់ដា ក៏បានប្រគេនថវិកាចំនួន៥៥០០០០០រៀល ដល់ព្រះគ្រូចៅអធិការវត្តបឹង សម្រាប់ដោះស្រាយការខ្វះខាតការសាងសង់សមិទ្ធិផលនានាក្នុងវត្តផងដែរ៕