(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណរុំ តំណាងឲ្យគណៈកម្មាធិការជាតិរៀបចំការបោះកម្ពុជា ត្រូវបានអញ្ជើញឱ្យចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតី ប្រទេសរុស្ស៊ី ដែលបានចាប់ផ្តើម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។
ថ្លែងចេញពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ី លោក ឌឹម សុវណ្ណរុំ អ្នកនាំពាក្យគ.ជ.ប កម្ពុជា បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សម្រាប់ការងបោះឆ្នោតនៅប្រទេសរុស្ស៊ី គឺធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបបំផុត ដោយរាប់ទាំងការបោះឆ្នោត, ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបឋម។
លោកបានបញ្ជាក់ថា លទ្ធផលបឋមបានបង្ហាញថា លោក វ្ល៉ាឌីមៀ ពូទីន បានកំពុងនាំមុខគេ នៅក្នុងការបោះឆ្នោតនេះ ដោយទទទួលបានសំឡេងគាំទ្រច្រើនលើសលប់រហូតដល់ ៧៦.៦ភាគរយ។ នៅក្នុងការបោះឆ្នោតនេះតំណាង គ.ជ.ប កម្ពុជា បានចូលរួមសង្កេតការណ៍នៅទីក្រុងម៉ូស្គូ និង នៅទីក្រុង Kolomna របស់ប្រទេសរុស្ស៊ី ហើយការប្រកាសលទ្ធផលបានធ្វើឡើងនៅទីក្រុងមូស្គូ ដោយផ្សាយភ្លាមៗតាមទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ ក្រោមការត្រួតពិនិត្យរបស់គណៈកម្មការបោះឆ្នោតរបស់រុស្ស៊ី ចំនួន១៥នាក់ និងមានលោកស្រី Ella A. Pamfilova ប្រធាន។
គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ធ្វើឡើងនៅចំពេលទីក្រុងម៉ូស្គូ និងទីក្រុងឡុងដ៍ កំពុងធ្វើសង្រ្គាមការទូតជាមួយ គ្នាតាមរយៈការបណ្ដេញមន្ត្រីទូតចេញពីប្រទេសរៀងៗខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងអតីតចារកិច្ចរុស្ស៊ីម្នាក់ត្រូវបានគេបំពុល សម្លាប់នៅលើទឹកដីអង់គ្លេសកាលពីដើមខែមីនា។ ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ត្រូវបានគណៈកម្មការបោះឆ្នោតរុស្ស៊ី លើកឡើងថា មានភាពវិជ្ជមាន ដោយសារប្រជាជនបានមកចូលរួមច្រើន លើសកាលពីឆ្នាំ២០១២។
សម្រាប់បេក្ខជនប្រមុខរដ្ឋ ដែលប្រជាពលរដ្ឋរុស្ស៊ីទាំង ១១១លាននាក់ អាចបោះឆ្នោតជូនបាននោះ គឺមានចំនួន ០៨រូប ដូចជា៖
១៖ លោក Sergei Baburin មកពីគណបក្ស All-People's Union
២៖ លោក Pavel Grudinin បេក្ខជនបក្សកុម្មុយនិស្ត
៣៖ លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) នៃបក្សកាន់អំណាច
៤៖ លោកស្រី Ksenia Sobchak នៃគណបក្ស Civil Initiative
៥៖ លោក Maxim Suraykin មេបក្សកុម្មុយនិស្តរុស្ស៊ី
៦៖ លោក Boris Titov ប្រធានស្នងការសម្រាប់សិទ្ធិសហគ្រិន
៧៖ លោក Grigory Yavlinsky សហស្ថាបិកបក្ស Yabloko
៨៖ លោក Vladimir Zhirinovsky ប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យរុស្ស៊ី៕