(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានបេ្ដជ្ញាធ្វើឲ្យក្រុងកំពត និយាយដោយឡែក និងនិយាយជារួមខេត្តកំពតទាំងមូល លែងមានទឹកលិច លែងមានសំរាម និងអនាធិបតេយ្យ ដោយអំពើអសន្ដិសុខឡើយ ដើម្បីអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកកម្សាន្តលេងពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការកើនឡើង។
ការថ្លែងបែបនេះ នៅក្នុងពិធីអបអរសាទរ ដែលខេត្តកំពតទទួលបានពានរង្វាន់ជ័យលាភីទីក្រុងស្អាត «ផ្ការំដួលបីទង» លើកទី២ (២០១៨-២០២១) ដែលបានរៀបចំធ្វើឡើង និងដង្ហែក្បួនអបអរសាទរ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៨ ស្ថិតក្នុងបរិវេណដងព្រែកកំពង់បាយកំពត ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត។
លោកអភិបាលខេត្ត ក្រោយពីបានអានសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ស្តីអំពីទិវាទីក្រុងស្អាតលើកទី៦ រួចហើយ ក៏បានថ្លែងបន្តថា នៅក្នុងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល វិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង ដែលយើងទាំងអស់គ្នាត្រូវព្យាយាម ការពារនឹងធ្វើយ៉ាងម៉េច ឲ្យមានស្ថេរភាពរីកចម្រើន ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកកម្សាន្ត នៅខេត្តកំពតកាន់តែច្រើនឡើងៗ។
លោក ជាវ តាយ សង្កត់ធ្ងន់ថា «យើងនឹងរួមគ្នាធ្វើឲ្យខេត្តកំពត ស្ថិតនៅក្នុងស្ថានភាពមួយល្អប្រសើរជាងមុន បើទោះជាកន្លងមកថ្នាក់ដឹកនាំ តែងតែខិតខំប្រឺងប្រែងអភិវឌ្ឍ លើគ្រប់ផ្នែកគ្រប់វិស័យក៏ដោយ»៕