(ភ្នំពេញ)៖ កវីនិពន្ធប្រមាណ១៥០នាក់ បានមកជួបជុំគ្នា ក្នុងសាលពុទ្ធសាសនបណ្ឌិត្យ រាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។
វាគ្មិនចំនួន៥រូបមាន លោកស្រី បណ្ឌិតសភាចារ្យ ខ្លូត ធីតា លោក ជ័យ ចាប លោកសាស្រ្តាចារ្យ គឹម ចាន់ណា លោក ឡឹក ជំនោរ និងលោកស្រី ប៉ាល់ វណ្ណារីរក្ស។ កម្មវិធីនេះ រៀបចំដោយសមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ សមាគមអ្នកនិពន្ធខ្មែរ សហការជាមួយពុទ្ធសាសនបណ្ឌិត្យ។

ក្រោយពីបានទទួលការស្វាគមន៍ ពីថ្នាក់ដឹកនាំសមាគមទាំងពីរមក វាគ្មិននីមួយៗបាន លើកឡើងបទបង្ហាញ ជាគន្លឹះសំខាន់ៗដល់សិក្ខាកាមដែបានចូលរួម ក្នុងនោះ លោកស្រី បណ្ឌិតសភាចារ្យ ខ្លូត ធីតា បានកើតសរសើរដល់ការរៀបចំ នូវកម្មវិធីដ៏ល្អមួយនេះ ដែលគួរឱ្យមានជារឿយបន្ថែមទៀត។ ជាងនេះទៅទៀត លោកស្រីបានលើកឡើងនូវអត្ថបទស្តីពីមរតក តម្លៃនៃគំនិតខ្មែរតាមរយៈវប្បធម៌ជំនឿសាសនា ចំនួន៣៦ទំព័រ។

លោកស្រី ខ្លូត ធីតា បានបន្ថែមថា រាល់ការសរេសរសៀវភៅ ឬអត្ថបទអ្វីមួយដាច់ត្រូវភ្ជាប់មកជាមួយឯកសារពិគ្រោះឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានោះ លោក គឹម ចាន់ណា បានផ្តល់ជាយោបល់ដល់អ្នកតែងនិពន្ធនៅស្រុកខ្មែរ យើងមិនអាចផ្តាច់ពីក្រពះ និងគុណភាព នៃស្នាដៃរបស់យើង ពិសេសត្រូវមានក្តីស្រឡាញ់និងជឿជាក់ចំពោះស្មាដៃរបស់ខ្ឡួន។

លោកស្រី ប៉ាល់ វណ្ណារីរក្ស បានចែករំលែក នូវបទពិសោធន៍របស់ខ្លួនគាត់ផ្ទាល់ កាលដែលគាត់បានជាអ្នកនិពន្ធរាល់ថ្ងៃនេះ គឺដោយសារសម្តីរបស់លោកឪពុក ដែលបានផ្តាំថា កូនកើតមកទទេ ស្លាប់ទៅវិញទទេ តែកូនត្រូវបន្សល់នូវអ្វីជាប្រយោជន៍សម្រាប់សង្គមនេះ។ ក្នុងនោះលោកស្រី ក៏បានលើកឡើងពីការសរសេរប្រលោមលោក ដែលល្អនិងមិនល្អ។

លោកស្រី ប៉ាល់ វណ្ណារីរក្ស បានសំណូមពរ ដល់រាជរដ្ឋាភិបាល សូមឱ្យបង្កើតការគាំទ្របន្តទៀតដល់អ្នកនិពន្ធ។ លោក ឡឹក ជំនោរ បានលើកឡើងដល់កវី និពន្ធ ត្រូវយល់ពីស្គាល់ឱ្យបានច្បាស់ពីអភិរក្សនិយម និងទំនើបនិយម។ ពិសេសសូមកវី និពន្ធត្រូវចេះច្នៃទឹកខ្មៅ ឱ្យក្លាយជាទឹកដែលមានរសជាត ផ្អែមសម្រាប់អ្នកគាំទ្រ។

ចំណែក លោក ជ័យ ចាប បានលើកឡើងឱ្យកវី និពន្ធ ព្យាយាមរកអ្វីដែលថ្មី អ្វីដែលពិសេសសម្រាប់អ្នកគាំទ្រ។ជាងនេះទៅទៀត ឯកឧត្តម សំណូមពរឱ្យអ្នកនិពន្ធត្រូវ ស្គាល់ការទេសក្នុងការសរសេរឱ្យបានច្បាស់លាស់។

ថ្លែងនៅក្នុងកម្មវិធីនោះ លោក ប៉ែន វិបុល ជាអនុរដ្ឋលេខាធិការនៃក្រសួងធម្មការ និងសាសនា  និងប្រធានក្រុមប្រឹក្សាភិបាលសមាគម ទ្រទ្រង់ការបោះពុម្ព និងអប់រំ បានសរុបខ្លឹមសារនៃអង្គសិក្ខាសាលាទាំងមូល ព្រមទាំងបានលើកឡើង នូវខ្លឹមសារដែលជា អនុសាសន៍ មួយចំនួន ចែកជូនដល់់សិក្ខាកាមដែលបានចូលរួម ហើយនិងសំណូមពរឱ្យមានកម្មវិធីនេះបន្តបន្ទប់ទៀត។

លោក ប៉ែន វិបុល បន្ថែមថា ជារួមកម្មវិធីជំនួបកវី ប្រធានបទ «ស្ថានភាពកវីអ្នកនិពន្ធខ្មែរបច្ចុប្បន្ន» ពិតជាបានផ្តល់សារៈប្រយោជន៍ ដល់កវី និពន្ធ ក្នុងការយកទៅអនុវត្តន៍សម្រាប់អាជីពរបស់ខ្លួន៕