(ពោធិ៍សាត់)៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកគីមី និងផ្នែកប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សហការមន្ត្រីកាំកុងត្រូលខេត្តពោធិ៍សាត់ និងមន្ត្រីពាណិជ្ជកម្មខេត្ត ចុះពិនិត្យទំនិញ និងទីតាំងប្រេងឥន្ធនៈចំនួន៧ស្ថានីយ៍ ក្នុងក្រុងពោធិ៍សាត់ ក្នុងនោះរកឃើញស្ថានីយ៍១ទីតាំង លក់ប្រេងត្រឹមត្រូវ និង៦ទីតាំងផ្សេងទៀត លក់ប្រេងមិនគ្រប់លីត្រ និងមិនស្របតាមស្ដង់ដារបច្ចេកទេស។

លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ប្រតិបតិ្តការចុះត្រួតពិនិត្យគុណភាព និងបរិមាណប្រេងនៅតាមស្ថានីយ៍នេះ គឺផ្អែកទៅលើឧប្បករណ៍ត្រួតពិនិត្យនៅនឹងកន្លែង និងឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត។

លោក តូច ចៅកុយ បានបន្តថា ជាលទ្ធផលរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកគីមី៖ ក្នុង៣១គំរូ យើងបានរកឃើញមានតែមួយគំរូប៉ុណ្ណោះ គឺដើមខាត់ណា ដែលមានកាកសំណល់ថ្នាំសំលាប់សត្វល្អិត, ផ្នែកប្រេងឥន្ធនៈ៖ ការចុះត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈ របស់ស្ថានីយ៍ និងដេប៉ូទាំង៧ ដែលជាប់ការសង្ស័យ មាន១ស្ថានីយ៍ គឺស្ថានីយ៍សូគីម៉ិច លឹម ហ៊ង អនុលោមផ្នែកគុណភាព មានលក្ខណៈស្តង់ដារ គ្រប់លីត្រត្រីមត្រូវ។ រីឯស្ថានីយ៍៦ទៀតមិនត្រឹមត្រូវ លួចបរិមាណ និងមិនស្របតាមស្ដង់ដារបច្ចេកទេស ក្នុងនោះយើងរកឃើញ ស្ថានីយ៍ និងដេប៉ូ២ ដែលពុំទាន់បានកែប្រែ គឺស្ថានីយ៍ ខាត់ ថៃ II និងស្ថានីយ៍ ជា ខេង។

លោកប្រធានសាខាកាំកុងត្រូលខេត្ត បានបន្ថែមថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ នឹងបន្តធ្វើការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយ៍ទាំងអស់នៅ តាមបណ្តាស្រុក ទូទាំងខេត្តពោធិ៍សាត់ និងបានអំពាវរនាវ ដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ចូលរួមសហការណ៍ជាមួយក្រុមការងារចុះ ត្រួតពិនិត្យ ក្នុងកិច្ចការពារផលប្រយោជន៍អ្នកប្រើប្រាស់តាមផ្លូវច្បាប់៕