(ព្រះវិហារ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាទ្រព្យសម្បត្តិ ដែលជាដួងព្រលឹងជាតិ កុំឲ្យជនអគិតមួយចំនួនបំផ្លាញឲ្យសោះ។ ជាមួយគ្នានេះលោកស្រី បានថ្លែងថា ប្រាសាទតោថ្ម បានរំលេចឲ្យយើងរួមគ្នាថែរក្សា អ្នកដែលបំផ្លិចបំផ្លាញអ្នក និងឯងគឺមានទោសក្បត់ជាតិ។
ការថ្លែងអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញរៀបចំពិធីបួងសួងសុំសេចក្តីសុខ ការកសាងឡើងវិញប្រាសាទចតុមុខ និងប្រាសាទដំរី ស្ថិតក្នុងឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងចិត្រសិល្បៈ, លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលព្រះវិហារ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងអស់លោក លោកស្រីដែលជាថ្នាក់ដឹកនាំ និងមន្រ្តីជាច្រើនរូបទៀតផងដែរ។
លោកស្រី ម៉ែន សំអន បានលើកឡើងថា «ការចូលរួមក្នុងពេលនេះ គឺសម្តេចបានមើលឃើញនូវសំណូមពររបស់ប្រជាពលរដ្ឋ ពិសេសក្រសួងវប្បធម៌ និងវិចិត្តសិល្បះផ្ទាល់តែម្តង សុំអនុញ្ញាតដើម្បីជួសជុលប្រាសាទចតុមុខ ដូចយើងធ្វើពិធីនេះស្រាប់មានអត្ថន័យណាស់ ព្រោះប្រាសាទយើងបាក់បែក ដោយសារសង្រ្គាម ពេលដែលយើងសន្តិភាពហើយ សន្តិភាពនេះមិនមែន បានមកដោយងាយស្រួលទេ សន្តិភាពទាំងនេះបានមកពីការពលី កម្មពីថ្នាក់ដឹកនាំ។ ដូច្នេះហើយសម្តេចតេជោ តែងតែឆ្លើយតបចំពោះវិញ្ញាណក្ខន្ធមិត្តជាទីស្រឡាញ់របស់យើង ដែលបានចែកឋាន ទៅបានបន្សល់ទុកសន្តិភាពឲ្យយើងនេះ ទន្ទឹមនឹងនេះគ្រប់ប្រាសាទទាំងអស់ ក៏ចាំបាច់យើងត្រូវតែអភិរក្ស និងអភិវឌ្ឍន៍ដែរ»។
លោកស្រី បានគូសបញ្ជាក់ថា ប្រាសាទនៅខេត្តព្រះវិហារយើងៗ មានមោទនភាពណាស់ដែលបានបញ្ចូលនៅក្នុងបញ្ជីបតិកភណ្ឌពិភពលោក និងមានប្រាសាទជាច្រើនទៀតដូចជា៖ ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ និងប្រាសាទបន្ទាយឆ្មារ។
លោកស្រីបានបន្តថា នៅប្រាសាទបន្ទាយឆ្មារ មានការអភិរក្សខ្លាំងណាស់ដោយលោកស្រី ម៉ៅ ម៉ាល័យ កែវ គឹមយ៉ាន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន មកទីនេះមានក្តីរំភើបណាស់ ហើយចាត់ទុកថា ការរៀបចំធ្វើឡើងវិញដើម្បីផ្គុំឲ្យលោកជួបជុំគ្នាប្រាសាទចតុមុខនេះ ដែលបានរកឃើញ អស់ហើយនៅតែពិធីផ្គុំឲ្យលោកជួបជុំគ្នាលោកខ្លាំង លោកមានព្រលឹងខ្លាំងពូកែដើម្បីជួយប្រទេសជាតិយើង ជួយថ្នាក់ដឹកនាំយើង ដែលកំពុងតែដឹកនាំសព្វថ្ងៃ បានសន្តិភាពហើយ មានការគាំទ្រហើយពីសម្តេចតេជោចឹងយើង និងខំជួសជុលថែទាំប្រាសាទយើង ទន្ទឹមនិងទ្រព្យសម្បតិដែលយើង មានទាំងសម្បត្តិរូបិយ និងអរូបិយ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើឲ្យប្អូនៗ ទាំងអស់ដែលការពារនៅខេត្តព្រះវិហារនេះ ត្រូវតែជួយអប់រំប្រជាពលរដ្ឋយើង ថែទាំទ្រព្យសម្បត្តិដែលជាដួង ព្រលឹងជាតិ របស់យើងកុំឲ្យអ្នកមកបំផ្លិចបំផ្លាញ ដូចការស្មូតថា ប្រាសាទតោថ្ម រំលេចឲ្យយើងរួមគ្នាថែរក្សា អ្នកដែលបំផ្លិចបំផ្លាញក្នុងច្បាប់ចាត់ទុកថាក្បត់ជាតិ ត្រូវដាក់ទោសទណ្ឌសំបើមណាស់ ចឹងសន្តិភាពហើយយើង មិនទំលាក់លើអ្នកណាទៀតទេ យើងទាំងអស់គ្នាត្រូវតែថែរក្សានៅក្នុងជំនាន់យើង ជំនាន់កូនចៅយើងតទៅទៀត៕