(កំពង់ធំ)៖ លោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ក្នុងឱកាសចុះសម្ពោធថាសចម្រៀងរបស់សិល្បករខ្មែរ លោក យឹង យន នៅខេត្តកំពង់ធំ, នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ បានឆ្លៀតឱកាសចូលរួមទស្សនាការប្រកួតកីឡា Baseball ផងដែរ។
ក្នុងឱកាសនោះ លោក William A. Heidt បានឲ្យដឹងថា កីឡា baseball វាងាយស្រួលលេង ជាងកីឡាបាល់ទាត់ ដោយចំណាយអ្នកលេងតែ៩នាក់ ប៉ុណ្ណោះ ក្នុងមួយក្រុម ពេលប្រកួត។
លោក William A. Heidt បានលើកឡើងថា ក្នុងការលេងកីឡា ត្រូវមានការសាមគ្គីគ្នា ហើយកីឡា អាចធ្វើឲ្យសុខភាព យើងល្អ រឹងមាំ និងការលូតលាស់ រាងកាយក៏ល្អដែរ។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯទីលាន កីឡា baseball ខេត្តកំពង់ធំ លោក ហែម ថាវី ម្ចាស់ទីលាន កីឡា baseball នៅខេត្តកំពង់ធំ បានឲ្យដឹងថា កីឡា baseball នាំចូលមកកម្ពុជា កាលពីឆ្នាំ២០០២ ប៉ុន្តែពេលនោះ ក្នុងរូបភាពជា NGO មួយទេ។
លោក ហែម ថាវី បានបន្ថែមទៀតថា រហូតដល់ឆ្នាំ២០១០ មានបញ្ហាថវិកា ពីព្រោះការបង្កើត កីឡា baseball នៅកម្ពុជានេះ គឺសុទ្ធតែជា ថវិកាផ្ទាល់ខ្លួន គ្មានជំនួយទេ ទើបបាន បែកខ្ញែកគ្នាអស់ទៅ។
លោក ហែម ថាវី បន្តថា ប៉ុន្ដែប៉ុន្មានខែក្រោយមកទៀត ក្នុងឆ្នាំ២០១០ដដែល ក៏បានប្រមូលមកវិញ និងបានចុះឈ្មោះ នៅក្រសួងអប់រំ ហើយបានក្លាយជាសមាជិក គណៈកម្មការជាតិអូឡាំពិក និងមានអាគារទីស្នាក់ការផងដែរ។
លោកថា កាលពីដំបូង មានតែមួយក្រុមទេ ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ននេះ មានចំនួន១២ក្រុម ដោយនៅភ្នំពេញ មាន៥ក្រុម, នៅបាល្ល័ង មាន៣ក្រុម, នៅកំពង់ស្ពឺ មាន១ក្រុម, ក្រុងព្រះសីហនុ មាន១ក្រុម, នៅប៉ោយប៉ែត មាន១ក្រុម, នៅបាត់ដំបង មាន១ក្រុម និងនៅខេត្តកណ្តាល មាន១ក្រុម។
ម្ចាស់ទីលាន កីឡា baseball នៅខេត្តកំពង់ធំ រូបនេះ បានបន្ថែមថា «យើងមានគម្រោងពង្រីក ក្រុមកីឡា baseball បន្ថែមទៀត ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន ប៉ុន្តែ បច្ចុប្បន្ន យើងកំពុងខ្វះខាត សម្ភារ អ្នកបច្ចេកទេស និងគ្រូបង្វឹក»៕