(ភ្នំពេញ)៖ ស្ត្រីម្នាក់បានធ្វើដំណើរតាំងពីខេត្តកំពង់ឆ្នាំង ដើម្បីទៅស្កាត់ជួបនិយាយសម្របសម្រួលគ្នាជាមួយលោក ម៉ាលី ពិសិដ្ឋ ចៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ដោយគាត់បាននិយាយថា លោកចៅសង្កាត់ជាប្ដីរបស់គាត់ រស់នៅជាមួយគ្នាជាង១០ឆ្នាំមកហើយ។
ស្រ្តីជាប្រពន្ធរៀបរាប់ប្រាប់ទៀតថា តាំងពីពេលដែលប្ដីមានបុណ្យស័ក្ដិតូចតាច ឥឡូវលោកប្ដីបានឡើងជាចៅសង្កាត់ ស្រាប់តែភ្លេចរូបគាត់ និងកូនៗ៣នាក់ ដោយលោកប្តីបានលួចដាក់ពាក្យប្ដឹង លែងលះស្ងាត់ៗ ខណៈគាត់មិនដឹង និងគ្មានកំហុសនោះ។ ប៉ុន្តែពេលគាត់ទៅដល់សាលាសង្កាត់ ស្រាប់តែលោកប្ដី បានបិទទ្វារនៅក្នុងបន្ទប់ធ្វើការខ្ទាស់គន្លឹះពីខាងក្នុង និងឲ្យកូនចៅចាក់សោទ្វារពីខាងក្រៅ ជាប់មិនព្រមចេញមកជួបគាត់ឡើយ ហើយមូលហេតុ ដែលសុំលែងនោះ ត្រូវបានស្រ្តីជាប្រពន្ធដាក់ការសង្ស័យថា លោកប្ដីមានស្រីថ្មី ដែលជាអ្នកធ្វើការជាមួយទៀតផង។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅក្នុងសាលាសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នកស្រី អ៊ល ពិសី អាយុ៣៩ឆ្នាំ ប្រាប់ថា គាត់រស់នៅភូមិត្រពាំងចឹកសា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានកូនចំនួន៣នាក់ ក្នុងនោះកូនស្រីបងឈ្មោះ ពិសិដ្ឋ សុខិតា អាយុ១៧ឆ្នាំ កូនស្រីទី២ ឈ្មោះ ពិសិដ្ឋ ថាភរិយា អាយុ១០ឆ្នាំ និងកូនប្រុសពៅឈ្មោះ ពិសិដ្ឋ លីវណ្ណលាភ អាយុ៥ឆ្នាំ។
ស្រ្តីរូបនេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា គាត់ និងលោក ម៉ាលី ពិសិដ្ឋ បានយកគ្នាជាប្តីប្រពន្ធ ដោយមិនបានរៀបការអស់រយៈពេលជាង១០ឆ្នាំ កន្លងមកហើយ ប៉ុន្តែបានចុះអេតាស៊ីវិលជាមួយគ្នា ដែលបញ្ជាក់ថា ជាប្ដីប្រពន្ធស្របច្បាប់។ មិនតែប៉ុណ្ណោះកាលមុនពេលជួបគ្នា គាត់ជាស្រីមេម៉ាយ មានកូនស្រីម្នាក់ ចំណែកលោកប្ដីក៏ជាបុរសពោះម៉ាយ មានកូនម្នាក់ដែរ។ លុះពេលបានគ្នាជាប្ដីប្រពន្ធ លោកប្ដីបានឲ្យគាត់លុបនាមត្រកូលប្ដីមុនរបស់កូនស្រីចោល និងយកឈ្មោះរបស់ខ្លួនដាក់ជំនួសវិញ។ បន្ទាប់មកបានឲ្យគាត់សេងឥវ៉ាន់ចាបហួយយកលុយ និងខ្ចីលុយធនាគារ៥ពាន់ដុល្លារ ព្រមទាំងលក់គ្រឿងអលង្ការមាស២តម្លឹង ប្រមូលយកលុយមករកការងារធ្វើនៅភ្នំពេញ និងបានស្នាក់នៅផ្ទះជួល។
ពេលនោះ លោកប្ដីបានការងារជាចៅសង្កាត់រងទី២ សង្កាត់កាកាប ហើយបានស្នាក់នៅជាមួយគ្នា ដោយគ្មានបញ្ហាអ្វីឡើយ។ លុះក្រោយមក បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ ប្ដីគាត់បានក្លាយជាចៅសង្កាត់កាកាប២ ប៉ុន្តែមិនបានប្រាប់ឲ្យគាត់ដឹងថា ជាប់ជាចៅសង្កាត់ឡើយ គឺលាក់លៀមរហូត។ លុះដល់ខែធ្នូ ឆ្នាំ២០១៧ ស្រាប់តែលោកប្ដីដាក់ពាក្យទៅតុលាការសុំលែងលះគ្នាជាមួយគាត់ ដោយគ្មានមូលហេតុ និងបានព្យាយាមគេចវេសពីគាត់រហូតតែម្ដង។
បន្ទាប់ពីប្ដីធ្វើបែបនេះ គាត់ពិបាកចិត្តណាស់ហើយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ គាត់បានតាមរកប្ដី ប៉ុន្តែប្ដីគេចមិនជួបទេ លុះដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ តុលាការបានកោះហៅទៅសាកសួរ។ ពេលនោះ ប្ដីដាច់ខាតត្រូវតែលែងគាត់ចោល ប៉ុន្តែគាត់វិញមិនបានលែងទេ លុះដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ តុលាការបានកោះហៅម្ដងទៀត តែគាត់អត់បានទៅទេ ព្រោះអត់ស្រួលខ្លួន ហើយប្ដីបានគេចរហូតមកដល់ព្រឹកថ្ងៃទី១៩ មីនានេះ ទើបគាត់សម្រេចចិត្តតាមរកដល់សាលាសង្កាត់តែម្ដង។ ប៉ុន្តែលោកចៅសង្កាត់ មិនចេញពីបន្ទប់ធ្វើការមកជួបឡើយ ដូច្នេះសុំឲ្យលោកអភិបាលខណ្ឌ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ជាពិសេសសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ដល់គាត់ផង។
យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីលោកចៅសង្កាត់រូបនេះ នៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ៕