(រតនគិរី)៖ កម្លាំងរាជអាវុធហត្ថផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថខេត្ត អាវុធហត្ថមូលដ្ឋានស្រុកវ៉ឺនសៃ និងកម្លាំងរដ្ឋបាលព្រៃឈើផ្នែកវ៉ឺនសៃ បានចុះបង្ក្រាប និងរឹបអូសឈើគគីរចំនួន៥០ដុំ ដែលឈ្មួញដឹកយកទៅគរលាក់ទុក នៅមាត់ទន្លេសេសាន្តស្ថិតក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ឺនសៃ។
លោកវរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរបច្ចេកទេស និងសន្តិសុខ នៃទីបញ្ជាការអាវុធហត្ថខេត្ត បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១៨ ខែមីនាម្សិលមិញ មានការណែនាំ និងចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សៅ សុខា និងមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុហត្ថខេត្ត។
លោកវរសេនីយ៍ទោ ឃី សុខា ប្រាប់បន្តថា មុននឹងឈានដល់ការបង្ក្រាបករណីខាងលើនេះ កម្លាំងជំនាញបានប្រើប្រាស់បណ្តាញសំងាត់ តាមដានជាប្រចាំរួចសុំយោបល់ លោកមេបញ្ជាការបង្ក្រាបជាក់ស្តែងតែម្តង។
ក្រោយប្រតិបត្តិការរកឃើញថា ឈើគគីរនេះមានមុខកាត់៣០ ទៅ៥០សង់ទីម៉ែត្រ និងមានប្រវែង៣ម៉ត្រ តែឈើពិតប្រាកដមិនទាន់ដឹងចំនួនម៉ែត្រគូប នៅឡើយទេព្រោះមិនទាន់ធ្វើការវាស់វែង។ បច្ចុប្បន្នឈើគគីរចំនួន៥០ដុំ ត្រូវបានដឹកជញ្ជូនប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមច្បាប់ព្រៃឈើ៕