(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជិត៥ពាន់នាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណ ចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលបានដឹកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ថ្លែងក្នុងឱកាសដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានចាត់ទុកថា ការចុះជួយព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៅក្នុងការផ្ដល់សេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ។
លោកបានបន្តថា «ការលះបង់ទឹកចិត្តរបស់គ្រូពេទ្យស្ម័គ្រចិត្តយើងនេះ មានអត្ថប្រយោជន៍ពីរ ក្នុងចំណោមអត្ថប្រយោជន៍ជាច្រើន។ អត្ថប្រយោជន៍ទី១៖ គឺជាឱកាសបង្ហាញពីវិជ្ជាជីវៈរបស់គ្រូពេទ្យ ហើយក៏បានចូលរួមចំណែក ជួយសម្រួលដល់ពុកម៉ែបងប្អូន ដែលគាត់មិនចាំបាច់ ធ្វើដំណើរទៅរកសេវាព្យាបាលជំងឺនៅឆ្ងាយ។ អត្ថប្រយោជន៍ទី២៖ គឺចង់បញ្ជាក់ថា ការលះបង់ពេលវេលាខ្លួនឯង ដើម្បីអ្នកដទៃ»។
លោក ហ៊ុន ម៉ានី ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ឲ្យចេះថែរក្សាសុខភាព ដោយសង្កត់ធ្ងន់បញ្ហាការបរិភោគអាហារប្រចាំថ្ងៃ ដោយហូបស្អាត ផឹកស្អាតនិងចេះពិវិធីថែរក្សាសុខភាពឲ្យបានត្រឹមត្រូវ។ លើសពីនេះអ្នកតំណាងរាស្ត្រវ័យក្មេងរូបនេះ ក៏បានណែនាំឲ្យឪពុកម្តាយគ្រប់រូប ចេះថែរក្សាកូនចៅឲ្យបានល្អ ចៀសឆ្ងាយការលេងទឹក នៅពេលឪពុកម្តាយមិននៅផ្ទះ មួយវិញទៀតនោះគឺបញ្ហាជំងឺគ្រុនឈាម ព្រោះរដូវធ្លាក់ភ្លៀង ឈានមកដល់នាពេលខាងមុខ។
ជាមួយនឹងការដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត៣៥១នាក់ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅវត្តអង្គតាព្រះ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ចំនួន៤,៩៦៩នាក់ ព្រមទាំងចែកអំណោយថ្នាំពេទ្យ ចែកនំបុ័ង និងទឹកសុទ្ធ នៅថ្ងៃទី១៨ ខែមីនាម្សិលមិញេនេះ លោក ហ៊ុន ម៉ានី ទទួលបានការថ្លែងអំណរគុណយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។
លោកតា ឃុត នឿន ដែលមានអាការវិលមុខ និងឈឺក្បាល ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ពិនិត្យឃើញថា កំពុងមានជំងឺលើសឈាម បានបង្ហាញអារម្មណ៍រីករាយនៅពេលទទួលបានការពិនិត្យជំងឺ និងទទួលបានថ្នាំដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យ។ លោកតា ឃុត នឿន បាននិយាយថា «វាចំណេញពេលវេលា និងមិនអស់លុយទៀត។ បើកាលណាទៅពេទ្យឯកជនអស់លុយ។ ខ្ញុំអរគុណណាស់ដែល ឯកឧត្តម ហ៊ុន ម៉ានី មកជួយឧត្ថម្ភថ្នាំពេទ្យនៅពេលនេះ»។
ចំណែកអ្នកស្រី ប៉ាវ សុខុន វ័យ៥៣ឆ្នាំ រស់នៅឃុំខ្នងក្រពើ ខេត្តកំពង់ស្ពឺ កើតមាន អាការរមាស់ ក្រពះ និងគ្រុនពោះវៀន ជាដើមបានចាត់ទុកសកម្មភាពចុះផ្ដល់ថ្នាំ និងពិនិត្យជំងឺដោយឥតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី គឺជាឥរិយាបថខ្មែរចេះជួយខ្មែរ។ ហើយបន្ថែមលើនេះ ថ្នាំដែលក្រុមគ្រូពេទ្យបានផ្ដល់ឲ្យគាត់គឺដាក់ត្រូវនឹងអាការៈជំងឺ។
អ្នកស្រី ប៉ាវ សុខុន បន្តថា «ខ្ញុំចង់ឲ្យកូនសម្ដេចបន្តជួយសង្គ្រោះពលរដ្ឋក្រីក្របែបនេះ រហូតព្រោះពលរដ្ឋមិនមានលទ្ធភាពឯណា ទៅរកកន្លែងព្យាបាលជំងឺឆ្ងាយពីផ្ទះនោះទេ»។
លទ្ធផលនៃការពិនិត្យនៅថ្ងៃម្សិលមិញនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានពិនិត្យព្យាលបាលជំងឺកុមារ៣០១នាក់, ជំងឺស្រ្តី២១៩នាក់, ជំងឺផ្លូវចិត្ត១៩៧នាក់, ជំងឺឫសដូងបាត១៧៩នាក់, ជំងឺសន្លាក់ឆ្អឹង៩៩នាក់, ជំងឺរលាកសួត១០៧នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក១៧៦នាក់, ជំងឺភ្នែក៩៧នាក់, ជំងឺសើរស្បែក៧៨នាក់, ជំងឺទឹកនោមផ្អែ២៧៦នាក់, ជំងឺមាត់ធ្មេញ១៧៩នាក់, អេកូសាស្ត្រ១៣៩នាក់,ព្យាបាលរបួសនិងវះកាត់តូច៥៦ និងជំងឺទូទៅ២,៨៦៦នាក់ ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថារយៈពេល៦៣ខែ (២០១២-២០១៨) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២,៣៨៥នាក់ ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៣៨លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន២៧៩,៣០៦នាក់ (ម្ភៃប្រាំពីរម៉ឺន ប្រាំបួនពាន់បីរយប្រាំមួយនាក់)។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ៕