(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ បានបន្ដចុះសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងភូមិព្រៃសលិច និងភូមិធម្មត្រ័យ ព្រមទាំងពិនិត្យការដាក់លូ០២ខ្សែ ប្រវែងសរុប២,៨០០ម៉ែត្រ មុខកាត់០១ម៉ែត្រ និងគម្រោងស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង១៤០០ម៉ែត្រ ទទឹង១១ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសលិច និងភូមិធម្មត្រ័យ សង្កាត់ព្រៃស។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើងពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ របស់ប្រទេសជាតិក្រោមដំបូលសន្តិភាព របស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាក់ស្តែងថ្ងៃនេះ បាននិងកំពុងបន្តដាក់ប្រព័ន្ធលូ០២ខ្សែ និងពិនិត្យគម្រោងផ្លូវបេតុង០១ខ្សែ បន្ថែមទៀត។
បើតាមលោកអភិបាលខណ្ឌ ប្រព័ន្ធលូ និងផ្លូវបេតុង០១ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិព្រសលិច និងភូមិធម្មត្រ័យ ក៏ដូចជាប្រជាពលរដ្ឋក្នុងសង្កាត់ព្រៃសទាំងមូល ព្រមទាំងរំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សាខាងមុខ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ អាចប្រកបរបរទទួលបានបានស្រួល មានផាសុខភាពក្នុងការរស់នៅ និងមានជីវភាពធូរធារ៕