(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ គណៈប្រតិភូខេត្តស្រះកែវ ប្រទេសថៃ និងភិបាលខេត្តបាត់ដំបង ប្រទេសកម្ពុជា បានបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគ្នាឲ្យកាន់តែប្រសើរបន្ថែមទៀត លើបញ្ហាព្រំដែនរវាងខេត្តទាំងពីរ និងគ្រោងដាក់ឲ្យដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ នូវច្រកទ្វារអន្តរជាតិភ្នំជី។
កិច្ចពិភាក្សានេះភាគីថៃ ដឹកនាំដោយលោក ផុនផុត ភេនផាស អភិបាលខេត្តស្រះកែវ និងភាគីកម្ពុជាដឹកនាំដោយលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីប្រតិភូថៃចំនួន៤៨រូប និងភាគីរដ្ឋបាលខេត្តបាត់ដំបង មានថ្នាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំមកពីមន្ទីរ ស្ថាប័នរដ្ឋនានាជុំវិញខេត្ត កងកម្លាំង មន្រ្តីជំនាញពាក់ព័ន្ធនានាក្នុងខេត្តជាច្រើនរូបទៀត។
ក្នុងជំនួបនេះដែរលោក ងួន រតនៈ បានថ្លែងការស្វាគមន៍ និងរាក់ទាក់បំផុតព្រមទាំងបានឧទ្ទេសនាម សមាសភាពរដ្ឋបាលខេត្តបាត់ដំបង ជម្រាបជូនដល់ប្រតិភូថៃ នៅក្នុងកិច្ចប្រជុំរវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយគណៈប្រតិភូខេត្តស្រះកែវ ក្នុងបំណងដើម្បីសម្តែងការគួរសម និងពិភាក្សាការងារអំពីការងាររៀបចំ ពិធីប្រកាសតម្លើងកម្រិតច្រកទ្វារតំបន់ព្រំដែន ច្រកភ្នំដី (គីឡូ១៣) ស្ថិតក្នុងស្រុកសំពៅលូន ទៅជាច្រកអន្តរជាតិគីឡូ១៣វិញ ក្នុងពេលឆាប់ៗ ខាងមុខនេះ។
ក្នុងឱកាសនោះលោក ផុនផុត ភេនផាស អភិបាលខេត្តស្រះកែវ អញ្ជើញមានមតិស្វាគម និងបានបង្ហាញសមាសភាព មន្រ្តីជំនាញពាក់ព័ន្ធ ជូនរដ្ឋបាលខេត្តបាត់ដំបង វិញផងដែរ។
ក្នុងកិច្ចពិភាក្សានេះដែរ ភាគីទាំង២ បានផ្តោតទៅលើចំណុចសំខាន់២៖ ទី១៖ ការពង្រឹងកិច្ចសហប្រតិបត្តការ និងដោះស្រាយបញ្ហានានាតាមតំបន់ព្រំដែនបាត់ដំបង និងខេត្តស្រះកែវ និងទី២៖ ការត្រៀមរៀបចំពិធីប្រកាសដាក់ ឲ្យដំណើរការច្រកទ្វារអន្តរជាតិភ្នំដី (គីឡូ១៣)៕