(រតនគិរី)៖ មន្ដ្រីរាជការចំនួន១៥រូប ដែលបម្រើការងារនៅមន្ទីរមុខងារសាធារណៈ ខេត្តរតនគិរី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ បាននាំគ្នាផ្ដិតមេដៃ អមដោយឈ្មោះរបស់ខ្លូន លើលិខិតមួយច្បាប់ ដាក់ជូនលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអភិបាលខេត្ដរតនគិរី ដោយស្នើសុំថ្នាក់ដឹកនាំទាំង២ស្ថាប័ននេះ ជួយដល់ពួកគេផង ពាក់ព័ន្ធប្រាក់បេសកកម្មឆ្នាំ២០១៧ ដែលខាងរតនាគារខេត្តរតនគិរី មានភាពយឺតយ៉ាវ មិនទាន់បើកជូនពួកគេ។
យោងតាមលិខិតអន្ដរាគមន៍របស់មន្ដ្រីរាជការទាំង១៥រូប ផ្ញើមកកាន់ការិយាល័យនិពន្ធអង្គភាព Fresh News នៅរសៀលថ្ងៃនេះ ពួកគេបានលើកឡើងថា ការគ្រប់គ្រងថវិកាឆ្នាំ២០១៧ មន្ទីរមុខងារសាធារណៈខេត្តរតនគិរី ពុំគ្រប់គ្រាន់បណ្ដាលឲ្យខ្វះថវិកាចំណាយលើការទូទាត់ប្រាក់បេសកកម្មឆ្នាំ២០១៧ ជូនពួកគាត់ចំនួន១៥នាក់ ប៉ុន្ដែដោយមានការជំរុញលើកទឹកចិត្តពីប្រធានមន្ទីរ មន្ដ្រីរាជការទាំង១៥រូបនេះ បានបន្ដខិតខំបំពេញការងារ រហូតចប់ឆ្នាំ ហើយរង់ចាំការទូទាត់ថវិកានៅឆ្នាំ២០១៨វិញ ប៉ុន្ដែរហូតមកដល់ពេលនេះទៅហើយ ពួកគាត់ទាំង១៥រូប មិនទាន់បានប្រាក់បេសកកម្មនៅឡើយទេ ពីរតនាគារខេត្ត។
មន្ដ្រីរាជការទាំង១៥រូប បានបញ្ជាក់ថា «ភាពយឺតយ៉ាវ នៃការបើកប្រាក់បេសកកម្មរបស់រតនាគារខេត្ត បែបនេះ ធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់ ពេលចុះបំពេញការងារ ហើយជាពិសេសនោះគឺ ប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់តែម្ដង ដោយមន្ដ្រីខ្លះបានខ្ចី និងចង់ការប្រាក់ពីខាងក្រៅសម្រាប់ការដោះស្រាយការខ្វះខាត»។
ចំពោះការតវ៉ាលើករណីនេះ អង្គភាពព័ត៌មាន Fresh News បានទាក់ទៅកាន់លោក វ៉ាន់ សោភា ប្រធានមន្ទីរមុខងារសាធារណៈ ខេត្តរតនគិរី ប៉ុន្ដែលោកបានឆ្លើយយ៉ាងខ្លីថា មិនទាន់ដឹងរឿងនេះនៅឡើយទេ ដោយជាប់បេសកកម្មការងារ នៅរាជធានីភ្នំពេញ។
នៅក្នុងលិខិតអន្ដរាគមន៍នេះ មន្ដ្រីរាជការទាំង១៥រូប ក៏បានទទូចឲ្យថ្នាក់ដឹកនាំ ចាត់វិធានការណ៍ចំពោះមន្ដ្រីខិលខូចមួយចំនួន នៅរតនាគារខេត្តរតនគិរី ដែលបានធ្វើឲ្យប៉ះពាល់ក្នុងកំណែទម្រង់ រដ្ឋបាលសាធារណៈថ្នាក់ក្រោមជាតិ។
នៅក្នុងដីកាបញ្ជូនរបស់លោក សរ សាមី ប្រធានគណនេយ្យរតនាគារថ្នាក់ជាតិ និងសរុប ដែលបានផ្ញើទៅកាន់ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានបញ្ជាក់ថា ការទូទាត់ប្រាក់បេសកកម្មពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០១៧ រតនាគារពុំអាចទូទាត់ជូនបានឡើយ ដោយមូលហេតុខុសត្រង់កាលបរិច្ឆេទលើតារាង «ក» និងតារាង «ខ» ត្រូវប្រើប្រាស់ឆ្នាំ២០១៧វិញ ប៉ុន្ដែបញ្ហានេះត្រូវបានមន្ដ្រីរាជការ ទាំង១៥រូប អះអាងថា អភិបាលហិរញ្ញវត្ថុ បានយល់ព្រមលើទិដ្ឋាការ ចំណាយស្របតាមច្បាប់ហិរញ្ញវត្ថុជាធរមានរួចរាល់ហើយ៕