(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ ទៅលើសុខភាពបុគ្គលិក និងសុវត្ថិភាពការងារនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ ប៊ែលធីគ្រុប បានរៀបចំកម្មវិធី «ពិធីប្រគល់ប័ណ្ណ សមាជិក បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដល់បុគ្គលិកប៊ែលធី និងបទបង្ហាញ ស្តីពី ការផ្តល់កញ្ចប់តាវកាលិក ថែទាំសុខភាព» នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។
ពិធីខាងលើនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាព លោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោក ម៉េង ហុង នាយករង បេឡាជាតិរបបសន្តិសុខសង្គម និងជាទីប្រឹក្សាអមក្រសួង ការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។
តាមរបាយការណ៍ លោក ខាត់ សឿន ប្រធានការិយាល័យរដ្ឋបាល នៃប៊ែលធី គ្រុប ដោយមានការយកចិត្តទុកដាក់បន្ថែមទៀត ពីសំណាក់ លោកអគ្គនាយក ប៊ែលធី គ្រុប និងលោកស្រី ចំពោះគណៈគ្រប់គ្រង បុគ្គលិក និងសិស្សានុសិស្ស ប៊ែលធីគ្រុប បានចុះបញ្ជីការសហគ្រាស-គ្រឹះស្ថាន ក្នុង ប.ស.ស នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៩ និងបង់ភាគទាន ទឹកប្រាក់ពេញ ១០០% ចំនួន ៥១៨នាក់ ឲ្យទៅ ប.ស.ស ជារៀងរាល់ខែ ដើម្បីទទួលបាន ការព្យាបាល និងថែទាំវេជ្ជសាស្រ្ត សេវាបង្ការ និងប្រាក់បំណាច់ប្រចាំថ្ងៃ ដោយជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុ និងសម្រាកមាតុភាព។ ដោយឡែក សិស្សថ្នាក់ទី៩ ទី១០ ទី១១ និងទី១២ សរុប ៥,៣២១នាក់ ក៏ត្រូវបានសាលាទិញប័ណ្ណធានារ៉ាប់រង គ្រោះថ្នាក់បុគ្គល ពីក្រុមហ៊ុនហ្វតតេ (FORTE Insurance) ជូនដល់សិស្សផងដែរ។
លោក សុក បូរ៉ា ប្រធានការិយាល័យតាវកាលិក នៃបេឡាជាតិរបបសន្តិសុខសង្គម បានបទបង្ហាញអំពី៖ នីតិវិធី នៃការប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស និងការផ្តល់កញ្ចប់តាវកាលិក ថែទាំសុខភាព ដូចជា សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត សេវាសង្រ្គោះបន្ទាន់ សេវាបង្ការសុខភាព សេវាប្រភេទជំងឺរ៉ាំរ៉ៃ សេវាសម្រាលកូន និងប្រាក់បំណាច់ប្រចាំថ្ងៃ។
ក្នុងឱកាសនោះ លោក ម៉េង ហុង នាយករង បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងជាទីប្រឹក្សាអមក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា យោងអនុសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យកចិត្តទុកដាក់ លើការបើកផ្តល់សាច់ប្រាក់ ដល់ កម្មការិនី ទាំងក្នុង និងក្រៅប្រព័ន្ធដែល សម្រាលកូនបានទាន់ពេលវេលានោះ លោក រដ្ឋមន្ត្រី អ៊ិត សំហេង បានណែនាំដល់ថ្នាក់ដឹកនាំ បេឡាជាតិរបប សន្តិសុខសង្គម គ្រប់ជាន់ថ្នាក់ឲ្យ បង្កើតក្រុម ការងារ រៀបចំយន្តការតាម ដាន និងធ្វើរបាយការណ៍ជាប្រចាំជូនលោក។
លោកបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញ គោលនយោបាយថ្មី របស់រាជរដ្ឋាភិបាល ឧបត្ដម្ភថវិកាដល់កម្មការិនី ឆ្លងទន្លេចំនួន៤០ ម៉ឺនរៀល សម្រាប់អ្នកកើតបានកូនម្នាក់ ចំណែកអ្នកកើតបានកូនភ្លោះពីរនាក់ ទទួល បាន៨០ម៉ឺនរៀល និងសម្រាប់អ្នកកើតបានកូនភ្លោះបី ១,២០០,០០០រៀល ដែលគោលនយោបាយ នេះ ចាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ។ រាជរដ្ឋាភិបាល បានត្រៀមបម្រុង ចំណាយ ថវិកាប្រមាណ ១០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ សម្រាប់ចំណាយប្រាក់ ឧបត្ថម្ភដល់កម្មការិនីឆ្លងទន្លេ។
លោកថា ដោយសារប្រទេសមានការអភិវឌ្ឍ សុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទើបបេឡាជាតិរបប សន្តិសុខសង្គម អាចដំណើរការបានល្អ ។ លោកបន្តថា ប្រសិនបើប្រទេសកើតសង្រ្គាមនោះ ប.ស.ស ក៏មិនអាចកើតមានដែរ ។
ជាមួយគ្នានោះ លោក ម៉េង ហុង ក៏បានថ្លែងអំណរគុណ ដល់លោកលី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងលោកស្រី បានចុះបញ្ជីកាសហគ្រាស-គ្រឹះស្ថាន ក្នុង ប.ស.ស។ ក្នុងឱកាសនោះ ផងដែរ លោក លី ឆេង អគ្គនាយក ប៊ែលធីគ្រុប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ម៉េង ហុង ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញ មកនាពេលនេះ។
លោក លី ឆេង បានថ្លែងថា ប៊ែលធី មានគតិបណ្ឌិតរបស់ខ្លួនគឺ «សុខភាពរបស់បុគ្គលិក គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន» រីឯ «សុខភាពរបស់សិស្ស គឺជាទ្រព្យសម្បត្តិ របស់ជាតិ»។ កន្លងមក ថ្នាក់ដឹកនាំប៊ែលធីគ្រុប បានយកចិត្តទុកដាក់ ទៅលើសុខភាពបុគ្គលិក និងសុវត្ថិភាពការងារ ដោយបានផ្តល់អាហារូបករណ៍សម្រាប់កូនរៀន ការដើរកម្សាន្តទៅក្រៅប្រទេស និងក្នុងប្រទេសតាមឋានានុក្រម ផ្តល់ជូនសំលៀកបំពាក់ និងទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត។
លោកបន្ដថា ថ្ងៃនេះ ប៊ែលធីគ្រុប ក៏បានផ្តល់ប័ណ្ណផ្នែកថែទាំ សុខភាពបន្ថែមទៀត ជូនដល់បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់ខ្លួន ដោយមិនព្រួយបារម្ភ ពីការចំណាយលើថ្លៃព្យាបាល ករណីមានគ្រោះថ្នាក់ផ្សេងៗណាមួយ។ ជាទីបញ្ចប់ លោកប្រធានគណៈអធិបតី បានប្រគល់ប័ណ្ណសមាជិក ប.ស.ស ដល់បុគ្គលិកប៊ែលធី ចំនួន៥១៨នាក់ នាពេលនោះផងដែរ៕