(ត្បូងឃ្មុំ)៖ ក្រោយពីមន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ តែងចុះជាប់ជាប្រចាំដូចភ្លៀងរលឹម ក្នុងការត្រួតពិនិត្យនូវគុណភាពទំនិញ និងពន្យល់ណែនាំ អាជីវករលក់ដូរ នៅតាមផ្សារ និងតាមផ្ទះលក់ដូរជុំវិញខេត្តត្បូងឃ្មុំនោះ អាជីវករលក់ដូរ មានការយល់ដឹងកាន់តែច្រើន ក្នុងការជ្រើសរើសទំនិញ ការរក្សារទុក និងលក់ដូរទំនិញដែលមានគុណភាព ជូនអតិថិជនរបស់ខ្លួន។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ លោក ល៉ិក វុត្ថា ប្រធានទីផ្សារសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះត្រួតពិនិត្យគុណភាពទំនិញ ផ្សព្វផ្សាយអំពី ការជ្រើសរើស និងរក្សាសុវត្ថិភាពម្ហូបអាហារដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សារស្ទឹង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោក ល៉ិក វុត្ថា បានថ្លែងថា ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ដែលជាអ្នកទទួលទាននោះ ពិសេសលោក មាស មោរ៉ា ប្រធានសាខាកាំកុង ត្រូលខេត្តត្បូងឃ្មុំ រួមទាំងមន្ត្រីកាំកុងត្រូលខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្ត តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ ដោយឡែកនៅថ្ងៃនេះ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញ ក្នុងគោលបំណងចំបង គឺចង់ឲ្យប្រជាពលរដ្ឋបរិភោគអាហារប្រកបទៅដោយគុណភាពល្អ លើសពីនេះ បង្កើនការយល់ដឹងដល់អាជីវករ និងប្រជាពលរដ្ឋ នៅរបៀបជ្រើសរើសម្ហូបអាហារណាដែលមានសុវត្ថិភាពយកមកលក់ រក្សាទុក និងទទួលទានផងដែរ។
លោក ល៉ិក វុត្ថា បានបន្តថា បន្ទាប់ពីបានពិនិត្យទំនិញជាផលិតផលម្ហូបអាហារ ដាក់លក់ក្នុងផ្សារ និងតាមផ្ទះនៅជុំវិញផ្សារស្ទឹងរួចមក ជាលទ្ធផលល្អដោយពុំបានប្រទះឃើញ ទំនិញដែលខូចគុណភាពសំបកប៉ោងកំប៉ិត ច្រេះ និងហួសកាលបរិច្ឆេទប្រើប្រាស់នោះឡើយ។ ការចេញលទ្ធផលបែបនេះបានបង្ហាញឲ្យឃើញថា បន្ទាប់ពីមន្ត្រីកាំកុងត្រូលតែងចុះពិនិត្យ និងណែនាំជាប្រចាំកន្លងមក ធ្វើឲ្យអាជីវករលក់ដូរយល់ដឹងច្រើន ដោយបង្ហាញចេញនូវលទ្ធផលដ៏ល្អជាបន្តបន្ទាប់ ជាពិសេសក្រោយចុះពិនិត្យនាថ្ងៃនេះ។
ជាមួយគ្នានោះដែរ លោក ល៉ិក វុត្ថា ក៏បានណែនាំឲ្យមន្ត្រីកាំកុងត្រូលគ្រប់ច្រកល្ហកទាំងអស់ឲ្យយកចិត្តទុកដាក់ពង្រឹង និងបង្កើនសកម្មភាពត្រួតពិនិត្យទំនិញ នៅតាមព្រំដែន ពិសេសម្ហូបអាហារនាំចូល ក្នុងន័យធ្វើយ៉ាងណាធានាសុខភាពជូនប្រជាពលរដ្ឋ៕