(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារអប់រំ និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ត របស់ក្រសួងអប់រំ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ លោកបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា បច្ចុប្បន្នកម្ពុជា មានសាលាមត្ដេយ្យសិក្សា និងសាលារៀន ចំណេះទូទៅ ទាំងសាធារណៈ និង​​ឯកជន រហូតដល់ជាង១ម៉ឺន៤ពាន់កន្លែង។

ពិធីបើកសន្និបាតខាងលើនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាព លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រី ប្រចាំការ រដ្ឋមន្ដ្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងអប់រំ គ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធជាច្រើនរូប ដែលរៀបចំធ្វើឡើង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។ សន្និបាតនេះ រៀបចំធ្វើឡើង រយៈពេល០៣ថ្ងៃ ពោលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។

រដ្ឋមន្រ្តី ហង់ ជួន ណារ៉ុន បានបញ្ជាក់ថា នៅទូទាំងប្រទេសកម្ពុជា មានសាលាមត្ដេយ្យសិក្សា និងសាលារៀន ចំណេះទូទៅទាំងសាធារណៈ និង​​ឯកជនសរុប ១៤,១៨៩ កន្លែង រួមមាន៖ សាលាមត្ដេយ្យសិក្សា ៤,៦៣២សាលាបឋមសិក្សា ៧,៦២១ អនុវិទ្យាល័យ ១,៣០៣ និងវិទ្យាល័យ៦៣៣។ មត្ដេយ្យសិក្សាសហគមន៍មាន ២,៩៥៥ កន្លែង កុមារចូលរៀនចំនួន ៦៧,៣៩៣ នាក់ កុមារី ៥១.៣៣ ភាគរយ។

លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានឲ្យដឹងផងដែរថា «គិតមកដល់ខែមករា ឆ្នាំ២០១៨នេះ សំណង់អគារសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សរុប​មានចំនួន ៤,២៤៤ ខ្នង ស្នើនឹង ២៥,៦២៨ បន្ទប់»

លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា តាមរយៈការធ្វើយុទ្ធនាការ ប្រមូលកុមារដល់វ័យសិក្សា ការសាងសង់អគារសិក្សា ការផ្ដល់គ្រូបង្រៀន ការផ្ដល់ថវិកាដំណើរការសាលារៀន ការផ្ដល់អាហារូបករណ៍ ដល់សិស្សមកពីគ្រូសារក្រីក្រ ជាពិសេស សិស្សនារី ជាដើម បានបង្កលក្ខណៈឲ្យកុមារ មានលទ្ធភាពកាន់តែច្រើន ក្នុងការទទួលបានការអប់រំ។

លោករដ្ឋមន្ដ្រីបានបញ្ជាក់ទៀតថា បច្ចុប្បន្នកុមារអាយុ៥ឆ្នាំ បានចូលរៀននៅមត្ដេយ្យសិក្សាគ្រប់រូបភាព បានកើនដល់៦៨.៥ភាគរយ កុមារី៦៩.៧ ភាគរយ។ អត្រាពិត នៃការសិក្សា នៅបឋមសិក្សាសាធារណៈ និងឯកជនមាន ៩៧.៨ ភាគរយ (ស្រី ៩៨.១ភាគរយ) ស្ថិតក្នុងស្ដង់ដារ និងក្នុងកម្រិតប្រហាក់ប្រហែល ប្រទេសក្នុងតំបន់។

លោកថា សិស្សសរុបនៅគ្រប់ភូមិ សិក្សាសាធារណៈ និងឯកជន ពីមត្ដេយ្យសិក្សាដល់មធ្យម សិក្សាមានចំនួន ៣,៣៤៦,៣៣៦ នាក់ ស្រី ១,៦៥២,០២១ នាក់ ស្មើនឹង ៤៩,៣៧ ភាគរយ។ គ្រឹះស្ថានឧត្ដមសិក្សាមាន ១២១ ក្នុងនោះ គ្រឹះស្ថានឧត្ដមសិក្សារដ្ឋ ៤៤ និងឯកជន ៧៣ ដែលមានទីតាំង ស្ថិតនៅតាមរាជធានី-ខេត្ដ ចំនួន ២០។

គ្រឹះស្ថានឧត្ដមសិក្សាទាំងនោះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង-ស្ថាប័នចំនួន ១៦។ គ្រឹះស្ថានឧត្ដមសិក្សា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រសួងអប់រំ យុវជន និងកីឡាមាន ៧៣ ក្នុងនោះរដ្ឋ ១៣ និងឯកជន ៦០។ និស្សិតចាប់ពីថ្នាក់បរិញ្ញាបត្ររង ដល់បណ្ឌិតមានចំនួន ២០៧,៤២៣ នាក់ នារី ៩៤,២៤២ នាក់ ស្មើនឹង ៤៤.៤៣ ភាគរយ។

សូមបញ្ជាក់ថា បុគ្គលិកអប់រំសរុប នៅទូទាំងប្រទេសកម្ពុជា មាន ១១៩,៣៦៨នាក់ ក្នុងនោះ មានស្រី ៥៤,៣១៣ នាក់ ត្រូវជា ៤៥.៥០ ភាគរយ ក្នុងថ្នាក់ជាតិ ៣,២៣៧ នាក់ ស្រី ២៧,២៧ ភាគរយ និងថ្នាក់ក្រោមជាតិ ១១៦,១៣១ នាក់ ស្រី៤៦ភាគរយ៕