(ម៉ានីល)៖ យោធាហ្វីលីពីនបានអះអាងនៅថ្ងៃចន្ទនេះថា ពួកឧទ្ទាមឆ្វេងនិយមមួយក្រុម បានបាញ់ទម្លាក់ យន្ដហោះធុនតូចបាញ់ថ្នាំសម្លាប់សត្វល្អិតមួយគ្រឿង កាលពីថ្ងៃអាទិត្យ ដោយបណ្ដាលឱ្យពីឡុតម្នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។
យោងតាមយោធាហ្វីលីពីន ឧប្បដិហេតុខាងលើមានជាប់ពាក់ព័ន្ធនឹងយន្ដហោះមួយគ្រឿង ជាប់កុងត្រាជាមួយក្រុមហ៊ុនកសិកម្ម Sumitomo Fruits Corporation បានកើតឡើងនៅឯទីក្រុង Tagbina នៃខេត្ត Surigao del Sur ស្ថិតនៅលើកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន។ យោធាហ្វីលីពីនបានបន្ថែមទៀតថា យន្ដហោះនេះ ដែលបញ្ជាការហោះហើរដោយ លោក Lynbert Laguda បានឆេះ នៅអំឡុងពេលហោះហើរបាញ់ថ្នាំសម្លាប់សត្វល្អិត ជាប្រចាំកាលពីថ្ងៃអាទិត្យ ហើយក្រុម ឧទ្ទាមឆ្វេងនិយម អាចជាអ្នកបាញ់ទម្លាក់យន្ដហោះនេះ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរហ្វីលីពីន នេះគឺជាលើកទីមួយដែលក្រុមឧទ្ទាមឆ្វេងនិយម បាញ់ទម្លាក់យន្ដហោះរបស់ក្រុមហ៊ុនកសិកម្មនៅក្នុងតំបន់ បន្ទាប់ពីពួកគេធ្លាប់បានព្រមានកាលពីឆ្នាំ២០១៦ ថា ពួកគេនឹងបាញ់ទម្លាក់យន្ដហោះទាំងអស់ ដែលប្រើប្រាស់ដោយក្រុមហ៊ុនកសិកម្ម សម្រាប់ការចោទប្រកាន់ថា បានចូលរួមបំផ្លិចបំផ្លាញបរិស្ថាននៅក្នុងតំបន់៕