(កំពង់ស្ពឺ)៖ មន្រ្តីនគរបាលជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងសុំកិច្ចសហការជាមួយបណ្តារោងចក្រ និងសហគ្រាសនានា ត្រូវទទួលខុសត្រូវចំពោះជនបរទេសដែល បាននិងកំពុងបម្រើ ការងារនៅក្នុងទីតាំងរបស់ខ្លួន ធ្វើយ៉ាងណាត្រូវមានច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវ។

មន្រ្តីជាន់រូបនេះ បានបញ្ជាក់ថា «យើងចង់ឲ្យបរទេសមានការវិនិយោគនៅកម្ពុជា តែយើងក៏ត្រូវរឹតបន្តឹងផ្នែកផ្លូវច្បាប់អន្តោប្រវេសន៍របស់ប្រទេសយើងដែរ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងសហការគ្នា ដើម្បីរកឲ្យឃើញជនបរទេសជាង១០ម៉ឺននាក់ ទូទាំងប្រទេសដែលកំពុងរស់នៅដោយមិនគោរពច្បាប់ ពោលពួកគេមិនទាន់មានប័ណ្ណស្នាក់នៅ និងសៀវភៅការងារ»

នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ហាស់ ម៉េងឡុង អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល ក្នុងពិធីផ្សព្វផ្សាយប្រកាស អន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងការងារ ស្តីពីការពង្រឹងការងារអធិកាកិច្ច ហត្ថពលកម្មជនបរទេស​ នៅកម្ពុជា និងសេចក្តីជូនដំណឹង ស្តីពីកាតព្វកិច្ចធ្វើប័ណ្ណ-សៀវភៅ ការងារជនបរទេស របស់ម្ចាស់សហគ្រាស គ្រឹះស្ថាន កាស៊ីណូ និងជនបរទេសដែលមកវិនិយោគ ឬប្រកបមុខរបបណាមួយក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីលោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ ព្រមទាំងមន្ត្រីនគរបាលអន្តោប្រវេសន៍ មន្រ្តីការងារ និងម្ចាស់រោងចក្រ សហគ្រាសជិត៣០០នាក់។

លោកឧត្តមសេនីយ៍ឯក ហាស់ ម៉េងឡុង បានបញ្ជាក់ថា ជនបរទេសណាដែលត្រូវបានដេញចេញ មិនអាចវិលចូលមកកម្ពុជាវិញបានទេ លើកលែងតែជននោះចូលតាមច្រកល្បៀងលួចលាក់ ឬចូលជាករណីពិសេសផ្សេងៗ។ ចំពោះជនបរទេសនៅកម្ពុជាពិតណាស់ មកវិនិយោគដើម្បីឲ្យពលរដ្ឋយើងមានកំណើនសេដ្ឋកិច្ច ក៏ប៉ុន្តែក៏យើងមានហានិភយ័ដែរ បើសិនជាយើងមិនអាចគ្រប់គ្រងបាន ក្នុងនោះជនបរទេសខ្លះ បង្កការភ័យខ្លាចដល់ពលរដ្ឋយើងដែរ។ ជនបរទេសដែលសុំពន្យាទិដ្ឋាការ ត្រូវធ្វើឡើងតាមច្បាប់អន្តោប្រវេសន៍ ហើយម្ចាស់រោងចក្រ សហគ្រាស ឈប់ផ្តល់ទីជម្រកស្នាក់នៅ ចំពោះពលករខុសច្បាប់ផងដែរ។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ច្បាប់អន្តោប្រវេសន៍មានតាំងពីឆ្នាំ១៩៥៣ ស្តីពីការចូលមកស្នាក់នៅនៃជនបទេស ដោយកាលពីជំនាន់នោះ គេសរសេផ្តោតទៅលើតែជនជាតិចិនភាគច្រើន ប៉ុន្តែជនបរទេសនៅកម្ពុជាបច្ចុប្បន្ន គឺជាជនបរទេសស្នាក់នៅបែបវិនិយោគ។

លោកស្នងការ បានបន្តថា «សម័យមុនការអនុវត្តច្បាប់អន្តោប្រវេសន៍ មិនដូចគ្នា និងសម័យនេះទេ ក្នុងនោះសម័យមុន ដូចជាបណ្តេញចេញដោយបង្ខំ សម័យ ប៉ុល ពត អនុវត្តដោយការបាញ់សម្លាប់ វាយនិងត្បូងចប។ល។ ហើយបើប្រៀបធៀបនិងបច្ចុប្បន្ន ការអនុវត្តអន្តោប្រវេសន៍ប្រកបដោយសិទ្ធិមនុស្ស ការឃុំខ្លួនដោយផាសុខភាព សូម្បីតែរថយន្តដឹកបញ្ជូនជនបរទេសប្រកបដោយស្តង់ដា ដូចនេះកម្ពុជាបានអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ បានប្រសើរជាងសម័យណាទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា»

លោកឧត្តមសេនីយ៍សុ្នងការ បានបញ្ជាក់ទៀតថា រោងចក្រ សហគ្រាសណា ដែលបានប្រើប្រាស់ច្បាប់អន្តោប្រវេសន៍បានត្រឹមត្រូវ និងត្រូវបានលើកទឹកចិត្តដោយចេញលិខិតសសើរពីស្ថាប័នជំនាញ ឬដោយក្រសួងជំនាញផងដែរ។ រដ្ឋបាលរោងណាដែលលួចលាក់ចំពោះជនបរទេសណា មិនរាយការណ៏មកមន្ត្រីនគរបាលអន្តោប្រវេសន៍ គឺជាការចូលរួមចំណែកខុស ក្នុងពេលដែលជនបរទេសនោះ មានបញ្ហាដូចជា៖ មានអំពើហិង្សា ឬស្លាប់ ក្នុងរោងចក្ររបស់ខ្លួន។

លោក ចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ បានលើកឡើងថា ការទទួលយកជនបរទេសឲ្យធ្វើការការងារ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកំសាន្តនានា ជនបរទេសដែលមកវិនិយោគ ឬប្រកបមុខរបបណាមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវគោរពឲ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ការងារនៃកម្ពុជា។

លោកប្រធានការងារបន្តថា ចំពោះជនបរទេសណាដែលមកស្នាក់នៅកម្ពុជាដោយគ្មានប័ណ្ណ និងសៀវភៅការងារ ដែលចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងត្រូវផ្តន្ទាទោសតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះនឹងត្រូវបណ្តេញចេញផងដែរ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល ក៏បានផ្តល់ជូននៅកុំព្យួទ័រចំនួន០៩គ្រឿង ដល់ជំនាញក្រុង-ស្រុកផងដែរ។ នេះជាការបញ្ជាក់បន្ថែមពីលោកឧត្តមសេនីយ៍ ហាក់ ម៉េងឡុង៕