(ព្រៃវែង)៖ ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីថ្មី ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង តំណាងលោក ជា សុមេធី អភិបាលខេត្ត។ តាមការសម្រេចពីថ្នាក់ដឹកនាំបានឲ្យដឹងថា លោក ហាស់ ពណ្ណភ័ណ្ណ ត្រូវចូលជំនួសលោក ទួន សុគន្ថា ដែលបានបញ្ចប់អាណត្តិ។
ថ្លែងក្នុងឱកាសនោះ លោក ហាស់ ពណ្ណភ័ណ្ណ បានប្តេជ្ញាចិត្តថា លោកនឹងខិតខំពុះពារយកចិត្តទុកដាក់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរឡើង ជាពិសេសក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងជំនឿជឿជាក់របស់រដ្ឋបាលខេត្ត ជាពិសេសក្រសួងមហាផ្ទៃ ដែលបានប្រគល់ភារៈកិច្ចជូនរូបលោកឲ្យកាន់មុខតំណែងដ៍មានសារៈសំខាន់នេះ ។
លោក សួន សុម៉ាលីន បានផ្តាំផ្ញើដល់ប្រធានទីស្នាក់ការ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីថ្មី ត្រូវបន្តការដឹកនាំឲ្យបានល្អ ពិសេសទំនាក់ទំនងល្អជាមួយភាគីវៀតណាម ក្នុងការបង្កលក្ខណល្អ ដល់ប្រជាពលរដ្ឋទាំងពីរ នៅជាប់ព្រុំដែនគ្នាក្នុងការដោះដូរទំនិញ រវាងប្រទេសទាំងពីរឲ្យបានល្អប្រសើរទាំងភាគីកម្ពុជា និងភាគីវៀតណាម។
លោកសង្កត់ធ្ងន់ថា សមត្ថកិច្ចទាំងអស់ខិតខំបំពេញភារកិច្ចរបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋានដែលបានចែង និងបន្តសហប្រតិបត្តិការ ជាមួយភាគីជាមិត្តរវាងកម្ពុជា វៀតណាម និងសូមអនុវត្តការងារឲ្យបានល្អដូចជា៖
ទី១៖ ផ្តល់សេវាល្អជូនប្រជាពលរដ្ឋទាំងសងខាង (កម្ពុជា-វៀតណាម)
ទី២៖ សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ
ទី៣៖ ស្ថាបន័ជំនាញត្រូវអនុវត្តតាមការដឹកនាំរបស់ប្រធានច្រកទ្វារ ហើយប្រធានច្រកទ្វារត្រូវរាយការណ៍ នូវសភាពការមិនប្រក្រតី មកអភិបាលរងខេត្តទទួលបន្ទុកកិច្ចការព្រំដែនដើម្បីមានមូលដ្ឋានរាយការណ៍ជូនអភិបាលខេត្ត៕