(ភ្នំពេញ)៖ ក្រុមការពារតំណែងជើងឯកបឹងកេតអែហ្វស៊ី បានឡើងទៅឈរកំពូលតារាងពិន្ទុបណ្ដោះអាសន្នវិញ ក្នុងការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨ ហើយ ក្រោយទទួលបានជ័យជម្នះ ៣ប្រកួតផ្ទួនៗ មុនពានជើងឯកជាតិនេះ ត្រូវសម្រាកការប្រកួតរយៈពេលជាង ២សប្ដាហ៍ ដើម្បីទុកឱកាសឲ្យក្រុមជម្រើសជាតិកម្ពុជា ធ្វើការហ្វឹកហាត់ និងត្រៀមប្រកួតបង្គ្រប់កិច្ចវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019។

សម្រាប់លទ្ធផលសប្ដាហ៍ទី៣ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគកាលពីម្សិលមិញ ក្រុមបឹងកេត ធ្វើបានកាន់តែល្អ ដោយលត់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងលទ្ធផល ៥-១ ដើម្បីទទួលបាន ៣ពិន្ទុបន្ថែម ពោលគឺទទួលបាន ៩ពិន្ទុពេញ សម្រាប់ជ័យជម្នះ ៣ប្រកួតជាប់គ្នា ដែលធ្វើឲ្យក្រុមជើងឯក ២សម័យកាលនេះ ឡើងទៅឈរកំពូលតារាង លើក្រុមណាហ្គាវើល, វិសាខា និងក្រុមភ្នំពេញក្រោន ដែលមាន ៧ពិន្ទុស្មើគ្នាឈរក្នុងប្រអប់ ៤ក្រុមកំពូលតារាង ឬ Top-៤។

ប៉ុន្ដែក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី៣ ពានដែលទទួលបានសិទ្ធិរៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ឬហៅកាត់ថា CNCC នេះ នឹងត្រូវសម្រាកចាប់ពីថ្ងៃទី១៩ ខែមីនា រហូតដល់ថ្ងៃទី០៦ ខែមេសា ដើម្បីផ្ដល់ឱកាសឲ្យក្រុមជម្រើសជាតិកម្ពុជា ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមបំពេញបេសកកម្មរបស់ខ្លួន ពោលគឺត្រៀមប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិឡាវ ក្រៅដីនាថ្ងៃទី២១ ខែមីនា និងត្រៀមប្រកួតផ្លូវការជាមួយក្រុមអាហ្វហ្គានីស្ថាន នៅក្នុងជំនួបបង្គ្រប់កិច្ចវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ប្រចាំពូល C នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ខាងមុខ។

ខាងក្រោមនេះ គឺជាលទ្ធផល និងតារាងពិន្ទុគិតត្រឹមសប្ដាហ៍ទី៣ នៃពានមិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨៖