(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៦-២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ រយៈពេល០៣ថ្ងៃ ពោលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។
ពិធីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៦-២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ ខាងលើនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាព លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រី ប្រចាំការ រដ្ឋមន្ដ្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលរៀបចំធ្វើនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។
ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាគ្រប់លំដាប់ថ្នាក់ តំណាងក្រសួង ស្ថានប័នពាក់ព័ន្ធ ប្រតិភូមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត គណៈអភិបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្ដរជាតិ និងអង្គការ មិនមែនរដ្ឋាភិបាល ដែលចំនួនសរុប១,៥០០នាក់។
តាមការគ្រោងទុក ពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៦-២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ នឹងត្រូវធ្វើឡើង នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា៕