(កណ្តាល)៖ អំពើឃាតកម្មកាប់ចិញ្ច្រាំឡើងសុះសាច់ ទៅលើស្រ្តីរងគ្រោះម្នាក់ ស្លាប់យ៉ាងអាណោចអាធម៌ រួចក្រុមឃាតកបានញាត់សពទាំងអាក្រាតកាយ ចូលទៅក្នុងធុងទឹកកក ហើយដឹកយកទៅទម្លាក់នៅគល់ស្ពានព្រះគន្លង តាមបណ្តោយផ្លូវជាតិលេខ៨ ភូមិអន្លង់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបង្កឲ្យមានការភ្ញាក់ផ្អើល ពេញបណ្តាញសង្គមហ្វេសប៊ុកនោះ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ ត្រូវកម្លាំងនគរបាលបាន បើកប្រតិបត្តិការយ៉ាងក្តៅគគុក រហូតតាមចាប់បានជនសង្ស័យចំនួន២នាក់ ជាបន្តបន្ទាប់ ដែលម្នាក់ជាជនដៃដល់ និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម។
នៅពេលនេះ បណ្តាញសារព័ត៌មាន Fresh News សូមលើកយកនូវវីដេអូនៃចម្លើយសារភាពរបស់ឃាតក មុនឈានដល់ការសម្រេចចិត្តកាប់សម្លាប់នារីរងគ្រោះ ញាត់ចូលធុងទឹកកក រួចយកទម្លាក់ចូល នៅគល់ស្ពានព្រះគន្លង ក្នុងស្រុកខ្សាច់កណ្តាល កាលពីនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។
ឆ្លងតាមចម្លើយរបស់ជនសង្ស័យមានឈ្មោះ សឿ សុខផេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជុសជុលទូរស័ព្ទ ស្នាក់នៅផ្ទះជួល ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានសារភាពថាខ្លួន និងជនរងគ្រោះ យឿន ធានី បានស្គាល់គ្នារយៈពេល៣ឆ្នាំមកហើយ រហួតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ខ្លួនបានរៀបចំគម្រោងសម្លាប់ ជនរងគ្រោះដើម្បីយកម៉ូតូ និងគ្រឿងអលង្កា ដោយបានរៀបចំបង្កប់ខ្សែភ្លើងនៅក្នុងបន្ទប់ទឹក ពេលជនរងគ្រោះចូលទៅក្នុងកន្ទប់ទឹក ផ្លាស់សំលៀកបំពាក់រួច ខ្លួនបានដោតភ្លើងបណ្តាលឲ្យឆក់សន្លប់។
បន្ទាប់មកខ្លួនបានយកអង្រែបុកគ្រឿងទៅវាយលើផ្ទៃមុខ និងយកកាំបិតបុ័ងតោ កូនកាំបិតចិតបន្លែចំនួនពីរ ចាក់កាប់ចិញ្ច្រាំទៅលើដងខ្លួនជនរងគ្រោះ រហូតដល់ស្លាប់ បន្ទាប់មកខ្លួនក៏យកម៉ូតូជនរងគ្រោះ ទៅលក់ហើយយកលុយទៅលោះម៉ូតូរបស់ខ្លួន ម៉ាក C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1GW-9027 រួចទៅទិញធុងទឹកកកពណ៌ក្រហម មួយនៅម្តុំសង្កាត់ទឹកថ្លា ហើយដាក់សាកសពរួមទាំងសម្ភាររបស់ជនរងគ្រោះក្នុងធុងទឹកកកក្រហមនោះ ដឹកតាមម៉ូតូយកទៅទំលាក់ចោលនៅចំណុចកន្លែងកើតហេតុ ដោយដឹកឆ្លងកាត់ផ្លូវផ្សាដីហុយ ឡើងស្ពានព្រែកព្នៅ និងបន្តឆ្លងកាត់ស្ពានព្រែកតាម៉ាក៕
រូបភាពកណ្តាលជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ក្រោយសម្លាប់នារីរងគ្រោះ