(កណ្តាល)៖ អំពើឃាតកម្មកាប់ចិញ្ច្រាំឡើងសុះសាច់ ទៅលើស្រ្តីរងគ្រោះម្នាក់ ស្លាប់យ៉ាងអាណោចអាធម៌ រួចក្រុមឃាតកបានញាត់សពទាំងអាក្រាតកាយចូលទៅក្នុងធុងទឹកកក ហើយដឹកយកទៅទម្លាក់នៅគល់ស្ពានព្រះគន្លង តាមបណ្តោយផ្លូវជាតិលេខ៨ ភូមិអន្លង់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបង្កឲ្យមានការភ្ញាក់ផ្អើល ពេញបណ្តាញសង្គមហ្វេសប៊ុកនោះ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលបាន បើកប្រតិបត្តិការយ៉ាងក្តៅគគុក រហូតតាមចាប់បានជនសង្ស័យចំនួន២នាក់ជាបន្តបន្ទាប់ ដែលម្នាក់ជាជនដៃដល់ និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម។

លោក ជាវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែមីនា​ ឆ្នាំ២០១៨នេះថា ជនសង្ស័យ២នាក់ មានម្នាក់ទៀតជាអ្នកទទួលទិញម៉ូតូរបស់ជនរងគ្រោះ ត្រូវបានចាប់ខ្លួន ព្រមទាំងដកហូតម៉ូតូរបស់ជនរងគ្រោះ និងវត្ថុតាងមួយចំនួនផងដែរ។

ជាមួយគ្នានេះស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ក៏បានបញ្ជាក់ទាំងយប់នេះថា ក្រោយការជជីកសួរនាំមកនោះ គឺជនសង្ស័យចំនួន២នាក់ ត្រូវបានចាប់ខ្លួន ដែលមានម្នាក់ជាជនដៃដល់ និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម។ បើតាមលោកស្នងការ មុនដំបូងកម្លាំងនគរបាលបានឃាត់ខ្លួនប្រពន្ធជនសង្ស័យ និងប្អូនប្រុសជនសង្ស័យ ប៉ុន្តែបន្ទាប់ពីធ្វើការសួរនាំរួចមកនោះ រកឃើញថា ពួកគេទាំង២នាក់មិនបានជាប់ពាក់ព័ន្ធឡើយ ក៏អនុញ្ញាតឲ្យត្រឡប់ទៅវិញនៅយប់ថ្ងៃនេះផងដែរ។

លោកស្នងការខេត្តកណ្តាល បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យជនដៃដល់សម្លាប់ជនរងគ្រោះបែបនេះ ដោយសារតែលង់ខ្លួននឹងល្បែង ហើយក៏រៀបចំផែនការសម្លាប់ស្រ្តីរងគ្រោះតែម្តង បើទោះបីជា ធ្លាប់ស្គាល់គ្នាបានចំនួន៣ឆ្នាំក៏ដោយនោះ។

យោងតាមរបាយការណ៍រៀបរាប់របស់លោក ជាវ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា ក្រោយពីមានហេតុការប្រទះឃើញ សាកសពស្រ្តីដែលត្រូវបានគេសម្លាប់ ដាក់ក្នុងធុងទឹកកក ហើយយកទៅទម្លាក់ចោលនៅចំណុចកើតហេតុខាងលើ ការិយាល័យបានសហការជាមួយ នាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង​ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវតាមនីតិវិធីជំនាញបានរកឃើញអត្តសញ្ញាណនៃជនរងគ្រោះ។

នៅថ្ងៃទី១៨ ខែ មិនា ឆ្នាំ២០១៨ កម្លាំងជំនាញបានកំណត់មុខសញ្ញា និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឿ សុខផេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជុសជុលទូរស័ព្ទ ស្នាក់នៅផ្ទះជួល ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងឈ្មោះ ហ៊ាម សុខហេង ភេទប្រុស អាយុ ៤៨ឆ្នាំ (អ្នកទទួលទិញម៉ូតូជនរងគ្រោះ)។

វត្តុតាងចាប់យករួ​មមាន៖ ម៉ូតូជនរងគ្រោះមួយគ្រឿង ម៉ាក Zommer ពណ៌ខ្មៅស ស្លាកលេខ ភ្នំពេញ1DF-5330 ទូរស័ព្ទ ម៉ាក IPhone6 plus មួយគ្រឿងរបស់ជនរងគ្រោះ។

ឆ្លងតាមចម្លើយរបស់ជនសង្ស័យ បានសារភាពថាខ្លួន និងជនរងគ្រោះ យឿន ធានី បានស្គាល់គ្នារយៈពេល៣ឆ្នាំមកហើយ រហួតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ខ្លួនបានរៀបចំ​គម្រោងសម្លាប់ ជនរងគ្រោះដើម្បីយកម៉ូតូ និងគ្រឿងអលង្កា ដោយបានរៀបចំបង្កប់ខ្សែភ្លើងនៅក្នុងបន្ទប់ទឹក ពេលជនរងគ្រោះចូលទៅក្នុងកន្ទប់ទឹក ផ្លាស់សំលៀកបំពាក់រួច ខ្លួនបានដោតភ្លើងបណ្តាលឲ្យឆក់សន្លប់។

បន្ទាប់មកខ្លួនបានយកអង្រែបុកគ្រឿងទៅវាយលើផ្ទៃមុខ និងយកកាំបិតបុ័ងតោ កូនកាំបិតចិតបន្លែចំនួនពីរ ចាក់កាប់ចិញ្ច្រាំទៅលើដងខ្លួនជនរងគ្រោះ រហូតដល់ស្លាប់ បន្ទាប់មកខ្លួនក៏យកម៉ូតូជនរងគ្រោះ ទៅលក់ហើយយកលុយទៅលោះម៉ូតូរបស់ខ្លួន ម៉ាក C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1GW-9027 រួចទៅទិញធុងទឹកកកពណ៌ក្រហម មួយនៅម្តុំសង្កាត់ទឹកថ្លា ហើយដាក់សាកសពរួមទាំងសម្ភាររបស់ជនរងគ្រោះក្នុងធុងទឹកកកក្រហមនោះ ដឹកតាមម៉ូតូយកទៅទំលាក់ចោលនៅចំណុចកន្លែងកើតហេតុ ដោយដឹកឆ្លងកាត់ផ្លូវផ្សាដីហុយ ឡើងស្ពានព្រែកព្នៅ និងបន្តឆ្លងកាត់ស្ពានព្រែកតាម៉ាក។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្តុតាងប្រគល់ជូនស្នងការខេត្តកណ្តាលដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា ស្ត្រីរងគ្រោះ ដែលត្រូវគេកាប់ជាច្រើនកាំបិត ស្រាតញាត់ចូលក្លាស្សេក្នុងធុងទឹកកក យកទៅទម្លាក់ចោលនៅក្បែរស្ពានព្រះគន្លង ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាលហើយ គឺមានឈ្មោះ ឃឿន ធានី អាយុ២៩ឆ្នាំ ស្នាក់នៅ ភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ករណីឃាតកម្មនេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨៕

រូបភាពកណ្តាលជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ក្រោយសម្លាប់នារីរងគ្រោះ