(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបើពិនិត្យអំពីកិច្ចប្រជុំកំពូលពិសេសពីថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៨នេះ រវាងអាស៊ាន-អូស្រ្ដាលីដែលបានប្រារព្វទ្បើងជាលើកដំបូងនៅទីក្រុងស៊ីដនី ប្រទេសអូស្រ្ដាលី ហើយដែលគេដឹងច្បាស់ថា អូស្រ្ដាលីជាសម្ព័ន្ធមិត្ដអាមេរិកនោះគឺបង្ហាញពីលក្ខណះភូមិសាស្រ្ដនយោបាយ ច្រើនជាងការផ្ដល់អត្ថប្រយោជន៍ដល់រដ្ឋជាសមាគមប្រជាជាតិអាស៊ាន ។ មានន័យថាកិច្ចប្រជុំនេះ អូស្រ្ដាលីចង់បង្ហាញប្រាប់អាស៊ានថា «អំពីគោលនយោបាយរវាងអូស្រ្ដាលីនឹងអាមេរិក គឺមិនដូចគ្នានោះទេឬបង្ហាញថាអូស្រ្ដាលីមានប្រទេសអាស៊ានជាច្រើនរាប់អាន»។
បានសេចក្ដីថាកិច្ចប្រជុំនេះ ប្រៀបដូចជាការអូសអាស៊ានឲ្យនៅក្បែរខ្លួនតែប៉ុណ្ណោះ។ ហើយទន្ទឹងនឹងនោះផងដែរ អ្វីជាគោលដៅពីក្រោយខ្នងនោះ គឺអាមេរិក បានខ្ចីដៃអូស្រ្ដាលីជាសម្ព័ន្ធមិត្ដខ្លួន ឲ្យដើរតួសម្របសម្រួលជាមួយអាស៊ាន ក្នុងគោលបំណងឲ្យអាស៊ានជឿនឹងទុកចិត្ដលើអូស្រ្ដាលី ដើម្បីបំពេញមុខងារដល់សហរដ្ឋអាមេរិកនេះផងដែរ។ ពីព្រោះបើយើងនិយាយពីសាវតារអាស៊ាននេះ អាមេរិកជាអ្នកបង្កើត តែក៏ជាអ្នកបោះបង់ចោលដោយខ្លួនឯងផងដែរ។ ហើយបច្ចុប្បន្នបើនិយាយអ្នកទទួលផលពីអាស៊ានយ៉ាងសម្បើមបំផុតនោះ គឺចិនទៅវិញ។
ដោយសារកត្ដាបោះបង់នេះហើយ ទើបធ្វើឲ្យអាមេរិកពុំមានឥទ្ធិពលអ្វីមកលើអាស៊ាននេះទេ នឹងក្នុងពេលដែលអាមេរិក បានដាក់ចេញអំពីគោលនយោបាយការបរទេសខ្លួនមកលើតំបន់នេះជាសំខាន់បំផុតផងនោះ។
លោក រត្ន័ សណ្ដាប់ បន្ដថាចំពោះកត្ដាភូមិសាស្រ្ដនយោបាយនេះ យើងអាចនិយាយបានទៀតថាជារឿងសំខាន់បំផុត ពីព្រោះស.វទី២០ អាមេរិកបូកនិងសហគមន៍អឺរ៉ុប គឺអាមេរិកក្លាយជាមហាអំណាចលេខ១លើពិភពលោក រីឯស.វ.ទី២១នេះក៏ដូចគ្នាផងដែរ ចិន បូកនិងអាស៊ាន គឺចិននិងក្លាយជាមហាអំណាចលេខ១ លើពិភពលោកយ៉ាងដូច្នោះដែរ។ ដោយហេតុថា «ស.វ.ទី២១នេះ ជាសង្រ្គាមសេដ្ឋកិច្ចរវាងចិននិងអាមេរិក» ដើម្បីដណ្ដើមមហាអំណាចលេខ១លើពិភពលោកយើងនេះ។ បានន័យថាពុំមែនជាសង្រ្គាមត្រជាក់រវាងប្លុកសេរី នឹងកុម្មុយនីស្ដ ដូចកាលពីទសវត្សរ៍ទី១៩៧០នោះទៀតទេ ពីព្រោះចិននិងរុស្ស៊ី លែងជារដ្ឋកុម្មុយនីស្ដទៀតហើយ។
បើនិយាយអំពីលក្ខណះប្រជាសាស្រ្ដនេះទៀតសោត ប្រជាជនតំបន់អាស៊ាន និងសហគមន៍អឺរ៉ុប ហាក់មានលក្ខណះពិសេសរៀងៗខ្លួន ពិសេសសន្ទុះសេដ្ឋកិច្ច និងកំណើនប្រជាជនអាស៊ានទំាង១០ប្រទេសមានប្រមាណជាង៦០០លាននាក់ គឺប្រហាក់ប្រហែលនិងប្រជាជនសហគមន៍អឺរ៉ុប ទំាង២៧ប្រទេសនេះផងដែរ។ បើដូចនេះ ចំពោះកត្ដាប្រជាជនតំបន់អាស៊ាននេះក៏ក្លាយជាទីផ្សារចិនដ៏ធំបំផុត ដូចយើងឃើញសព្វថ្ងៃនេះ។
ដោយយោងលើកត្ដាភូមិសាស្រ្ដនយោបាយនេះហើយ ទើបអាមេរិកបានខ្ចីដៃសម្ព័ន្ធមិត្ដខ្លួនគឺអូស្រ្ដាលី ដូចយើងឃើញកិច្ចប្រជុំអាស៊ាន-អូស្រ្ដាលីនេះជាភស្ដុតាង។ ម្យ៉ាងទៀត យើងអាចមើលឃើញទៀតថា ដើម្បីទប់ទល់ឥទ្ធិពលចិន គឺអាមេរិកអាចនឹងបង្កើតអង្គការ OTAN ថ្មីមួយទៀតនៅអាស៊ីក៏អាចថាបាន! ដោយក្នុងនោះ រួមមានប្រទេស៤ជាសម្ព័ន្ធមិត្ដខ្លួន ជាអាទិ៍៖ អាមេរិក, ជប៉ុន, ឥណ្ឌា និងអូស្រ្ដាលីនេះឯង។
លោក រត្ន័ សណ្ដាប់ បញ្ជាក់ថា បើដូច្នេះចំពោះកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្ដាលីនេះហាក់ពុំផ្ដល់អត្ថប្រយោជន៍ដល់រដ្ឋជាសមាគមអាស៊ាននីមួយៗនោះទេ ។ ជាក់ស្ដែងស្ថិតត្រង់ចំណុចនេះហើយ ទើបប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូទើតេ បានបដិសេធមិនអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះនោះអី! ដោយលោក ពុំផ្ដល់នឹងមើលឃើញអំពីសារៈប្រយោជន៍នៃកិច្ចប្រជុំនេះឯង។
បើដូច្នេះ ចំពោះកិច្ចប្រជុំនេះ គឺប្រៀបបានជាការបង្ហាញអំពីជំហរមេដឹកនំានីមួយៗនៅក្នុងតំបន់យ៉ាងដូច្នោះឯង។ ក្នុងនោះ ចំពោះមេដឹកនំាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន យើងឃើញយ៉ាងច្បាស់ថា សម្ដេចបានប្រើនយោបាយការទូតយ៉ាងទន់ភ្លន់បំផុតក្នុងរាប់អានបណ្ដាប្រទេសនានាលើពិភពលោក គឺមិនថាចិន, ជប៉ុន, អាមេរិក, អូស្រ្ដាលី ឬបណ្ដាប្រទេសផ្សេងៗទៀតលើពិភពលោកនោះទេ។ បើទោះបីជាកិច្ចប្រជុំនេះ បានបង្កបញ្ហាដោយក្រុមប្រឆំាង ឬសមាជិកសភាអូស្រ្ដាលីខ្លះៗក៏ដោយក៏សម្ដេច ហ៊ុន សែន នៅតែពុះពារគ្រប់ឧបសគ្គប្រកបដោយទឹកចិត្ដរីករាយជាទីបំផុត ដើម្បីបង្ហាញពីការរាប់អានដល់ប្រទេសនានាលើពិភពលោកនេះឯង។
បើដូច្នេះចំពោះភាពទន់ភ្លន់នេះ បានធ្វើឲ្យនាយករដ្ឋមន្រ្ដីអូស្រ្ដាលីទទួលស្វាគមន៍សម្ដេចយ៉ាងកត់ក្ដៅជាទីបំផុត ដោយបានផ្ដល់ជំនួយ៨៧លានដុល្លារ និងកិច្ចសហប្រតិបត្ដិការលើវិស័យផ្សេងៗជាច្រើនទៀត ពិសេសបានធ្វើឲ្យគុណតម្លៃសម្ដេច ត្រូវទទួលនូវអំណរសាទរដ៏ត្រចេះត្រចង់ទំាងថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្ដរជាតិ កាន់តែអស្ចារ្យថែមទៀត៕
http://image.freshnewsasia.com/2018/fn-2018-03-18-18-51-33-0.jpg