(ភ្នំពេញ)៖ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានចេញលិខិតបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទ កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង (ម៣) មកកាន់សាលាឧទ្ធរណ៍ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីបន្ដបើកសវនាការ ក្រោមបទចោទប្រកាន់ សន្និដ្ឋិភាពជាមួយបរទេស។
នេះបើតាមលិខិតរបស់លោកព្រះរាជអាជ្ញា អ៊ឹម សុផាន ផ្ញើជូនអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ។
លិខិតរបស់ព្រះរាជអាជ្ញា អ៊ឹម សុផាន បានបញ្ជាក់ថា នៅពេលចប់សវនាការហើយ ត្រូវនាំជនជាប់ចោទ កឹម សុខា ត្រឡប់ទៅពន្ធនាគារវិញ ដើម្បីបន្ដអនុវត្តសេចក្ដីរបស់តុលាការពីមុនមក បើគ្មានសេចក្ដីសម្រេចថ្មីទៀតទេ។
សូមជម្រាបថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ឆ្នាំ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ ហើយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ព្រះរាជអាជ្ញា៣រូបបានទៅដល់ពន្ធនាគារត្រពាំងផ្លុង ដើម្បីសាកសួរលោក កឹម សុខា។ ការសាកសួរនោះ ក៏មានវត្តមានរបស់មេធាវីទាំង ៥រូប របស់លោក កឹម សុខា ដែរ៕