(ភ្នំពេញ)៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងសម្ព័ន្ធគ្រួពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា របស់លោក ហ៊ុន ម៉ានី ព្រមទាំងអាជ្ញាធរខណ្ឌព្រែកព្នៅ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ បានសហការរៀបចំកម្មវិធី ពិនិត្យ និងព្យាបាលសុខភាព ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ និងកម្មករនិយោជិត បានចំនួនជិត២០០០នាក់ នៅក្នុងបរវេណវិទ្យាល័យបឹងប្រីយ៍ ភូមិតាគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
កម្មវិធីនេះ អញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធាន សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជរាធានីភ្នំពេញ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងលោក សុខ សម្បត្តិ អភិបាលខ័ណ្ឌព្រែកព្នៅ។ នៅក្នុងឱកាសនោះដែរ ក៏មានការចូលរួម
ជួយសម្របសម្រួលពីសមាជិកក្រុមប្រឹក្សាភិបាល-មន្រ្តីសហព័ន្ធជាសមាជិក សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក្រុមយុវជន
ស.ស.យ.ក ក្រុមយុវជនកាយរិទ្ធ និងយុវជនកាកបាទក្រហមខណ្ឌព្រែកព្នៅផងដែរ។
នាឱកាសនោះដែរ លោក ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រួពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា សម្ព័ន្ធគ្រួពេទ្យសហភាព សហព័ន្ធយុវជនកម្ពុជា បានបញ្ជូនក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តជិត៣០០នាក់ និងដឹកជញ្ជូនឧបករណ៍បរិក្ខាពេទ្យទំនើប មកពិនិត្យ និងព្យាបាលជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ អញ្ជើញចូលរួម ដើម្បីទទួលបាននូវសេវាព្យាបាល និងពិនិត្យសុខភាព ដោយឥតគិតថ្លៃ ដែលមានប្រភេទជំងឺជាច្រើន ដូចជាជំងឺទូទៅ, ជំងឺបេះដូង និងសរសៃឈាម, ជំងឺមនុស្សចាស់, ជំងឺត្រចៀក ច្រមុះបំពង់ក, ជំងឺសើស្បែក និងកាមរោគ, ជំងឺកុមារ, ជំងឺផ្លូវចិត្ត ,
ជំងឺតម្រងនោម, ជំងឺភ្នែក, ជំងឺវះកាត់សន្លាក់, ជំងឺមាត់ធ្មេញ, រោគស្ត្រី និងពិនិត្យផ្ទៃពោះ, ជំងឺសម្ពាធឈាម -ល-។
លោក សោម អូន បានគូសបញ្ជាក់ថា យោងតាមអនុសារណៈយោគយល់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានសហការជាមួយសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរ ខណ្ឌ-ស្រុក បានរៀបចំកម្មវិធី ដ៏មានសារសំខាន់នេះ បានចំនួន៩លើករួចមកហើយគឺ៖ ទី១៖ នៅខណ្ឌដង្កោ បានចំនួនជាង៥០០០នាក់, ទី២៖ នៅខណ្ឌពោធិ៍សែនជ័យ បានចំនួនជាង៦០០០នាក់, ទី៣៖ នៅខណ្ឌមានជ័យ បានចំនួនជិត៤០០០នាក់, ទី៤៖ នៅខណ្ឌចំការមន បានចំនួនជាង៥០០០នាក់, ទី៥៖ នៅខណ្ឌសែនសុខ បានចំនួនជាង៣០០០នាក់, ទី៦៖ នៅខណ្ឌឫស្សីកែវ បានចំនួនជាង៤០០០នាក់, ទី៧៖ នៅខណ្ឌច្បារអំពៅ បានចំនួន២៧១៧នាក់, ទី៨៖ នៅស្រុកអង្គស្នួល ខេត្តកណ្តាល
បានចំនួន៥០០៩នាក់ និងទី៩៖ នៅខណ្ឌព្រែកព្នៅ បានចំនួនជិត ២០០០នាក់។
លោក សោម អូន បានបញ្ជាក់ថា ការផ្តល់សេវាពិនិត្យ និងព្យាបាលសុខភាព ដោយឥតគិតថ្លៃ គឺពិតជាមានសារសំខាន់ណាស់ សម្រាប់ប្រជា ពលរដ្ឋ និង កម្មករ ពីព្រោះកម្មករ គឺជាកម្លាំង ចលករដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោក ក៏បានលើកឡើងផងដែរ អំពីសមិទ្ឋិផលថ្មីៗបន្ថែមទៀត ដែលបងប្អូនកម្មករទទួលបាននៅឆ្នាំថ្មីនេះ មានដូចជាប្រាក់ ឈ្នួល អប្បបរមាបានតម្លើង១៧០ដុល្លារក្នុងមួយខែ ពេលឆ្លងទន្លេទទួលបានប្រាក់ឈ្នួល១២០ភាគរយ ឆ្លងទន្លេបានកូន១ទទួលបាន ៤០ម៉ឺនរៀល កូន២បាន ៨០ម៉ឺនរៀល និងកូន៣ បាន១លាន២សែនរៀល ថៅកែបង់ប្រាក់គាំពារសុខភាព១០០ភាគរយ ជំនួសកម្មករ -ល-។
លោក សោម អូន បានបញ្ជាក់ថា «អ្វីៗ ដែលបងប្អូនកម្មករទទួលបាន ចាប់តាំងពីប្រាក់ឈ្នួលអប្បរមា៤០ដុល្លារ រហូតដល់១៧០ដុល្លារ ហើយបូករួមជាមួយ និងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀតនេះ គឺដោយសារការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ»។ ក្នុងនាមកម្មករនិយោជិត និងប្រជាពលរដ្ឋ ដែល បានចូលរួមទទួលនូវសេវាព្យាបាល និងពិនិត្យដោយឥតគិតថ្លៃ លោក សោម អូន បានថ្លែងអំណគុណដ៏ជ្រាលជ្រៅចំពោះ លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ដែលបានផ្តួចផ្តើម បង្កើតឡើងនូវសម្ព័ន្ធគ្រួពេទ្យ ស.ស.យ.ក ដើម្បីចូលរួមចំណែកជួយដោះស្រាយ បញ្ហាសុខភាពជូនដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋ ដែលជួបប្រទះនូវកង្វះខាតថវិកា។
លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញ បានលើកឡើងថា ក្រុមគ្រូពេទ្យសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា បង្កើតឡើងដោយ លោក ហ៊ុន មានី សមាជិកសភា និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
លោកអភិបាលរងសាលារាជធានីភ្នំពេញ បានលើកឡើងទៀតថា នៅពេលខាងមុខ នេះការបោះឆ្នោតជ្រើសរើសសមាជិក សភានីតិកាលទី៦ និងប្រព្រឹត្តទៅនៅចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ត្រៀមលក្ខណៈទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស៕