(ព្រះសីហនុ)៖ មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយក្រុងព្រះសីហនុ ទ្វារចរន្តទី6B នៅ​​វេលាម៉ោង១១៖៥៤នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ មូលហេតុដោយសារ ក្រុមហ៊ុន ហុង លៀន ឌីវ័រលប់មិន ខនស្ត្រាក់សិន (HONG LIEN DEVELOPMENT CONSTRUCTION Co.,Ltd) បុកដែកចូលក្នុងដីប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ក្រោមដី ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួន​ ចាប់ពីឆ្នេរឯករាជ្យ (តាមបណ្តោយវិថីលេខ ១៩មិថុនា និងវិថីលេខ២ធ្នូ) រហូតដល់រង្វង់មូលតោពីរ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អគ្គិសនីកម្ពុជា បានឲ្យដឹងថា ​នៅពេលនេះដែរ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង០៨៖០០នាទីយប់នេះ។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជាសូមអំពាវនាវដល់បណ្ដាក្រុមហ៊ុនសាងសង់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញ និងបង្គោលអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕