(កំពង់ចាម)៖ លោក ហ៊ុន ម៉ានិត នាយរងខុទ្ទការល័យសម្តេចតេជោ ហ៊ុន សែន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសាលាអន្តរជាតិអ៊ិនតាច នៅភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
ពិធីដែលបានធ្វើនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ ក៏មានការចូលរួមពី លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងមន្ដ្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។
សាលាអន្តរជាតិ អ៊ិនតាច ដែលត្រូវបានសម្ពោធការឲ្យប្រើប្រាស់ពេលនេះ ជាអំណោយរបស់សប្បុរសជនម៉ាឡេស៊ី រួមមានសាលា១ខ្នង ២ជាន់ ១០បន្ទប់ វិហារអន្តេវាសិកដ្ឋាន១ខ្នង ២ជាន់ ១៤បន្ទប់ និងសមិទ្ធផលនានា ស្មើនឹងទឹកប្រាក់ ១,២៨៣,៤២០ដុល្លារ តាមរយៈសមាគមអប់រំ និងអភិវឌ្ឍន៍។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បានកោតសរសើរដល់សប្បុរសជនម៉ាឡេស៊ី ដែលបានចូលរួមបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន កសាងគម្រោងអប់រំដ៏ស្កឹមស្កៃនេះ ក្នុងគោលដៅលើកកំពស់កម្រិតអប់រំ ដល់សហគមន៍ខ្មែរឥស្លាមរបស់លោក នៅទូទាំងឃុំជយោ ស្រុកចំការលើ ហើយលោកបានចាត់ទុកថា ម៉ាឡេស៊ីជាសប្បុរសជន លំដាប់លេខ១ ដែលតែងតែចូលរួមជ្រោមជ្រែងសហគមន៍ខ្មែរឥស្លាម លើបញ្ហាកង្វះខាតនានា។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានិត បានលើកឡើងថា គ្រឹះស្ថានសិក្សាដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ជាថ្នាលនៃប្រភពធនធានមនុស្សយ៉ាងសំខាន់ ដែលត្រូវការចាជាចាំបាច់បំផុត សម្រាប់កសាងការអភិវឌ្ឍន៍ប្រទេសជាតិ ទន្ទឹមនឹងវិស័យផ្សេងៗទៀត ដូចជាហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ដែលសុទ្ធតែជាផ្នែកសំខាន់ និងចាំបាច់ដើម្បីឲ្យប្រទេសជាតិយើងមានការរីកចម្រើនខ្ពស់ទៅមុខ និងឈានទៅក្នុងការប្រកួតប្រជែង ជាមួយប្រទេសដែលអភិវឌ្ឍន៍ ក្នុងឆាកអន្តរជាតិ។
បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាល លោក ហ៊ុន ម៉ានិត ក៏បានបពាក់គ្រឿងឥស្សរិយយស្ស ដល់ឥស្សរជនសំខាន់ៗ៤៧រូប ដែលបានចូលរួមកសាង សាលាអន្តរជាតិអ៊ិនតាច ទាំងសប្បុរសជន និងអង្គការដៃគូក្នុងស្រុក ក៏ដូចជាអ្នកស្ម័គ្រជ្រោមជ្រែងរហូតបានទទួលសមិទ្ធផលជាស្ថាពរ។
ក្នុងឱកាសនេះ លោក ហ៊ុន ម៉ានិត បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនសាលាអន្តរជាតិអ៊ិនតាច២លានរៀល ឧបត្ថម្ភសាលាស្រុកចំការលើ១លានរៀល, សាលាឃុំជយោ៥០ម៉ឺនរៀល, អង្គភាពទាំ៣ និងប៉ុស្តរដ្ឋបាលឃុំជយោ១៦៨នាក់ ក្នុងម្នាក់ៗ១ម៉ឺនរៀល, លោកគ្រូ អ្នកគ្រូ ៣៣នាក់ ម្នាក់ៗ៤ម៉ឺនរៀល, យុវជនស.ស.យ.ក និងស្រលាញ់សន្តិភាព៤០នាក់ ម្នាក់ៗ១ម៉ឺនរៀល យុវជនកាយរិទ្ធ ១៣១នាក់ ម្នាក់ៗ១ម៉ឺនរៀល សម្ព័នយុវជនមុស្លិមកម្ពុជា៩៦នាក់ ម្នាក់ៗ១ម៉ឺនរៀល សិស្សានុសិស្សសាលាអន្តរជាតិអ៊ិនតាច ១៧៤នាក់ ម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀលផងដែរ៕