Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដើមអំពិលបារាំងជាច្រើនដើម ត្រូវបានឈ្មួញនាំចេញ ទៅប្រទេសវៀតណាម តាមច្រករបៀងសំរោង ខេត្តស្វាយវៀង, មន្រ្តីជំនាញកំពុងស្រាវជ្រាវចំពោះករណីនេះ

18-03-2018 16:16

(ស្វាយវៀង)៖ តាមសេចក្តីរាយការណ៍ពីពលរដ្ឋ ប្រាប់អង្គភាព Fresh News ថា ជារៀងរាល់យប់ ទំនិញគ្រប់ប្រភេទ រួមនឹងដើមចាន់គីរី (ហៅដើមអំពិលបារាំង) ត្រូវបានឈ្មួញនាំចេញ យ៉ាងសប្បាយរីករាយក្រៃលែង ដោយពុំមានការហាមឃាត់ ឬទប់ស្កាត់ពីសំណាក់ស្ថាប័នជំនាញ ជាពិសេសនគរបាល និងទាហានដែលឈរជើងការពារព្រំដែនសំរោង (ចុងស្តី) ដែលជាប់ និងប្រទេសវៀតណាមនោះទេ។

ប្រជាពលរដ្ឋរស់នៅតំបន់នោះ បានឲ្យដឹងទៀតថា ជារៀងរាល់យប់ មានរថយន្តស្ទើរគ្រប់ធុន ឆ្លងកាត់សំដៅទៅកាន់ច្រករបៀងសំរោង ស្ថិតក្នុងភូមិពោធិ៍ ឃុំ មេ.ស.ថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ នៅតំបន់ច្រករបៀងសំរោងនេះ មានឃ្លាំងជាច្រើន ដែលគេសង់សម្រាប់ស្តុបអីវ៉ាន់ និងមុខទំនិញផ្សេងៗ ជាពិសេស គឺបារី អេតចាយ និងដើមចាន់គីរីដែលមានដើមធំៗ។

ជាក់ស្តែងនៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ ក៏នៅមានដើមចាន់គីរី ដែលបម្រុងនាំចេញ ទៅប្រទេសវៀតណាម តាមច្រករបៀងមួយនេះ ដោយយកទៅដាក់ នៅក្នុងតំបន់ស ដែលត្រូវបានគេ យកមកដាក់ទុក នៅវាលស្រែរង់ចាំ ម្ចាស់ថ្មីមកទទួលដឹកនាំ យកទៅប្រទេសវៀតណាម។ បើទោះបីជាយ៉ាងណាក៏ដោយ គេពុំដែលឃើញមានមន្ត្រីជំនាញណា ចុះមក ត្រួតពិនិត្យ រឺក៏ហាមឃាត់ ចំពោះការដឹកដើមឈើធំៗ នាំទៅលក់នៅប្រទេសវៀតណាមម្តងណាឡើយ។

ពាក់ព័ន្ធករណីខាងលើនេះលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ បានប្រាប់មកក្រុមអ្នកសារព័ត៌ មាន តាមរយៈទូរស័ព្ទថា លោកពុំបានដឹងរឿងនេះទេ ពីមន្ត្រីជំនាញរបស់លោក ដោយគ្មានអ្នករាយការណ៍ប្រាប់លោកទេ ហើយការដឹកឈើនាំចេញ ទៅក្រៅប្រទេស ក៏ពុំមានច្បាប់ណា ឲ្យនាំចេញនោះដែរ។

លោក ថាច់ រតនា បានបញ្ជាក់ថា ចំពោះករណីនេះ លោកនឹងចាត់មន្ត្រីជំនាញរបស់លោក ចុះទៅពិនិត្យមើល ព្រោះលោកពុំបានដឹងទេ ទើបតែខាងព័ត៌មានប្រាប់ទើបដឹងរឿងនេះ។ ចំពោះឈើទាំងអស់នោះ មិនអាចដឹងថា ម្ចាស់ឈើទាំងនោះ ជាអ្នកណានោះដែរ ហើយប្រជាពលរដ្ឋ ក៏រងចាំមើល ថាតើមន្ត្រីជំនាញ ដែលមានការពាក់ព័ន្ធទាំងអស់នោះ ចុះមកពិនិត្យ មើលឈើទាំងនោះ រឺក៏មានវិធានការណ៍ យ៉ាងណាចំពោះឈើទាំងអស់នោះទេ៕