(រតនគិរី)៖ អធិការនគរបាលស្រុកវើនសៃ ខេត្តរតនគិរី នាល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ បានទទួលបណ្តឹងពីពលរដ្ឋថា មានអ្នកកាសែត៤នាក់ បានជំរិតទារប្រាក់២លានរៀល ពីពលរដ្ឋជាថ្នូរ និងការចាប់ម៉ាស៊ីន កាត់ឈើ ខណៈពលរដ្ឋកំពុងអារឈើក្នុងចំការ ស្ថិតក្នុងឃុំកោះពាក់ ស្រុកវើនសៃ ខេត្តរតនគិរី ដើម្បីយកមកធ្វើផ្ទះ។
អនុវត្តតាមបទបញ្ជារបស់ លោកប្រធានគណៈបញ្ជាការឯកភាពស្រុក បានចុះទៅនាំខ្លួន អ្នកកាសែតទាំង៤នាក់ មកអធិការដ្ឋានធ្វើការសាកសួរបំភ្លឺ។
អ្នកកាសែតទាំង៤នាក់ ដែលពាក់ព័ន្ធរឿងជំរិតទារប្រាក់២លានរៀល ពីពលរដ្ឋ ខាងលើរួមមាន ទី១៖ ឈ្មោះ សេង ឌីវ៉ាន់ សារព័ត៌មានមហានគរអច្ឆរិយៈ, ទី២៖ ឈ្មោះ ផាន ផន ទូរទស្សន៍រស្មីបូព៌ា, ទី៣៖ ឈ្មោះ សន ចាន់ឌី ទូរទស្សន៍អនឡាញរស្មីបូព៌ា, ទី៤៖ ឈ្មោះ ឡេត ឡី សារព័ត៌មានសង្គមកម្ពុជា។
នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ អធិការនគរបាល ស្រុកវើនសៃ បានបញ្ជូនអ្នកទាំង៤ មកស្នងការដ្ឋានដើម្បីសាកសួរបន្ត។ ជាលទ្ធផលរកឃើញថា ក្នុងចំណោម៤នាក់នោះ មានម្នាក់ឈ្មោះ សេង ឌីវ៉ាន់ ជាអ្នកបង្ខំទារប្រាក់២លាន ពីពលរដ្ឋដោយផ្ទាល់។
ក្រោយសាកសួរចប់ បានធ្វើការណែនាំ និងធ្វើកិច្ចសន្យា ឲ្យវិលទៅផ្ទះវិញ កាលពីវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី១៨ ខែមីនានេះ ៕