(ភ្នំពេញ)៖ ១៨ មីនា ឆ្នាំ១៩៧០ គឺកាលពី៤៨ ឆ្នាំមុន ការសម្រេចចិត្តនយោបាយរបស់សេនាប្រមុខ លន់ នល់ និងទ្រង់ ស៊ីសុវត្ថិ សិរីមត ដែលមានការគាំទ្រ ចេញមុខយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក ក្នុងការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ បានបង្កនូវវិនាសកម្មសព្វបែបយ៉ាងចំពោះជាតិ និងប្រជាជនកម្ពុជា ក្នុងនោះរួមទាំងអំពើប្រល័យពូជសាសន៍ របស់ខ្មែរក្រហមប៉ុលពត ប្រឆាំងនឹងជាតិ និងប្រជជនកម្ពុជា។ ប៉ុន្តែជាតិ និងប្រជាជនកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះឱ្យមានជីវិត រស់ឡើងវិញចាប់ពីថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ដោយគណបក្សប្រជាជនកម្ពុជា និងបន្តការកសាងប្រទេសឡើងវិញពីគំនរផេះផង់ ឈាម និងទឹកភ្នែក។
កិច្ចព្រមព្រៀងបាននាំមកនូវដំណោះស្រាយនយោបាយលើជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃនៅកម្ពុជា និងឈានដល់ការបោះឆ្នោតសកលលើកទី១ នៅខែឧសភា ឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអ៊ុនតាក់់។
ប៉ុន្តែទោះជាយ៉ាងនេះក្តី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនបាននាំមកនូវសុខសន្តិភាពពេញលេញដល់កម្ពុជាឡើយដោយសារតែក្រុមខ្មែរក្រហមប្រកាសដកខ្លួនចេញពី កិច្ចព្រមព្រៀង និងបន្តសកម្មភាពសង្គ្រាមឈ្លប និងឧទ្ទាមខុសច្បាប់ប្រឆាំងនឹងរាជរដ្ឋាភិបាលថ្មី។ ទើបតែនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ អង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ដែលមានវត្តមានជាងកន្លះសតវត្សរ៍ត្រូវបានរំលាយទាំងស្រុងដោយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ចាប់ពីពេលនោះមក កម្ពុជាដែលធ្លាប់តែត្រូវបានបែងចែកទឹកដីត្រូវបានបង្រួបបង្រួមជាតិ មានឯកភាពជាតិ ឯកភាពទឹកដីក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រតែមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ តែមួយរាជរដ្ឋាភិបាលតែមួយ។ ការណ៍នេះមិនដែលមានសោះក្នុងប្រវត្តិសាស្ត្រខ្មែរក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ។
សន្តិភាព និងការបង្រួបបង្រួមទឹកដី បានធ្វើឱ្យកម្ពុជា មានការរីកចម្រើនដល់សព្វថ្ងៃ ហើយប្រជាជនរស់ក្នុងសេចក្តីសុខ គេចផុតពីការភ័យខ្លាចដោយសារសង្រ្គាម។ បន្ទាប់ពីរំដោះប្រទេសចេញពីរបបខ្មែរក្រហម សង្គ្រោះជីវិតជាតិនិងប្រជាជន គណបក្សប្រជាជនកម្ពុជានៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានានូចសុខសន្តិភាព ការអភិវឌ្ឍសម្រាប់ប្រជាជនកម្ពុជា។
ចាប់តាំងពីមានការបោះឆ្នោតសកលឆ្នាំ១៩៩៣ ការឡើងកាន់អំណាចនៅកម្ពុជាត្រូវប្រព្រឹត្តទៅតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ពោលគឺតាមរយៈការបោះឆ្នោត ដែលជាឱកាសមួយផ្តល់សិទ្ធិពេញលេញដល់ ប្រជាពលរដ្ឋខ្មែរសម្រេចជោគវាសនារបស់ខ្លួនតាមរយៈការបោះឆ្នោត។ ប៉ុន្តែសន្តិភាពដែលរកបានដោយកម្រនៅតែ ប្រឈមនឹងការយាយី និងឈានទៅដល់ការបាត់បង់ទៅវិញ ប្រសិនបើប្រជាជនកម្ពុជា មិនរួមសាមគ្គីគ្នាថែរក្សាឱ្យបានគង់វង្ស។ ជាក់ស្តែងចលនាបដិវត្តន៍ពណ៌ក្រោមមនោគមវិជ្ជានយោបាយផ្លាស់ប្តូររបបរៀបចំដោយលោកខាងលិច ស្ទើរតែធ្វើឱ្យសុខសន្តិភាពប្រទេសកម្ពុជារង្គោះរង្គើ។ ប៉ុន្តែរាជរដ្ឋាភិបាល ដែលប្រកាន់ខ្ជាប់នូវអាទិភាពក្នុងការ ថែរក្សាសន្តិភាពដែលជាអាយុជីវិតរបស់ប្រទេសជាតិ បានធ្វើអ្វីគ្រប់យ៉ាងឈានទៅដល់ ការទប់ស្កាត់ និងបំផ្លាញចោលនូវឧបាយកល ទុច្ចរិត បំផ្លិចបំផ្លាញខ្មែរនេះដោយបានចាត់វិធានការផ្លូវច្បាប់លើអង្គការចាត់តាំងផ្នែកនយោបាយរបស់បដិវត្តន៍ពណ៌។ ការទប់ស្កាត់ដោយជោគជ័យនូវចលនាបដិវត្តពណ៌ នៅកម្ពុជានៅក្នុងដំណាក់កាលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងការរក្សាបាននូវសន្តិភាព និងស្ថិរភាពដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់សេចក្តីសុខ របស់ប្រជាជន និងវិបុលភាពរបស់ប្រទេសជាតិ។
នៅថ្ងៃទី១៨ ខែមីនា ២០១៨នេះ ក្នុងខួប ៤៨ឆ្នាំ នៃរដ្ឋប្រហាររបស់សេនាប្រមុខ លន់ នល់ អង្គភាពព័ត៌មាន Fresh News សូមចេញផ្សាយនូវសៀវភៅ កម្រងអត្ថបទវិភាគនយោបាយ ដែលជាការប្រមូលផ្តុំនៃអត្ថបទវិភាគល្បីៗលើស្ថានការណ៍នយោបាយនៅកម្ពុជានេះ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះដើម្បីពិនិត្យឡើងវិញ នូវព្រឹត្តិការណ៍នយោបាយសំខាន់នៅកម្ពុជា។ មានព្រឹត្តិការណ៍នយោបាយជាច្រើនបានកើតឡើង ហើយព្រឹត្តិការណ៍នយោបាយចុងក្រោយបង្អស់ដែលបានធ្វើឱ្យមានការ ប្រែប្រួលខ្លាំងនៅក្នុងឆាកនយោបាយខ្មែរ និងទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ គឺព្រឹត្តិការណ៍នៃការលាលែងតំណែងពីប្រធានគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី ការចាប់ខ្លួនលោក កឹម សុខា ប្រធានថ្មីនៃគណបក្សសង្រ្គោះជាតិ និងការរំលាយគណបក្សសង្រ្គោះជាតិ ដោយតុលាការកំពូល បន្ទាប់ពីមានការបែកធ្លាយជាសាធារណៈ នូវវីដេអូឃ្លីបមួយ ដែលក្នុងវីដេអូឃ្លីបនេះលោក កឹម សុខា បាននិយាយរៀបរាប់ និងអួតអាងប្រាប់អ្នកស្តាប់នៅប្រទេសអូស្រ្តាលីថា អាមេរិកបានរៀបចំនិងជួយឱ្យគាត់ ធ្វើការផ្លាស់ប្តូរ ឬផ្តួលរំលំរបបដឹកនាំបច្ចុប្បន្ន ដោយយកតាមគំរូប្រទេសយូហ្គូស្លាវី និងស៊ែរប៊ី។
ប្រសិនបើគ្មានការទប់ស្កាត់ទាន់ពេលវេលានូវផែនការបដិវត្តន៍ពណ៌នេះទេ ម៉្លេះកម្ពុជានៅពេលនេះស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមបំផ្លិចបំផ្លាញប្រទេស ហើយប្រជាពលរដ្ឋ ខ្មែររស់នៅក្នុងឈាមនិងទឹកភ្នែកសាជាថ្មីមិនខាន។ នៅក្នុងស្ថានការណ៍នយោបាយដែលមានការវិវត្តយ៉ាងឆាប់ក្នុងរយៈពេលខ្លី ដូច្នេះសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ម្យ៉ាង ដើម្បីផ្តល់នូវព័ត៌មានពិតដល់សាធារណជន និងម្យ៉ាងទៀតដើម្បីផ្តល់ឱ្យសាធារណជនបានយល់ច្បាស់អំពីមូលហេតុនៃហេតុការណ៍នយោបាយនីមួយៗ ដែលបានកើតឡើង។ សម្រាប់អ្នកនយោបាយ ការដណ្តើមប្រៀបសាធារណមតិ បានក្លាយជាសមរភូមិថ្មីមួយ ដែលកាន់តែស្រួចស្រាវ ហើយការព្យាយាមពន្យល់សាធារណជន ឱ្យយល់អំពីហេតុការណ៍នយោបាយដែលបានកើតឡើង បានក្លាយជាការតស៊ូថ្មីមួយ ដែលស្ថិតនៅក្នុងរបៀបវារៈជាយុទ្ធសាស្រ្តសម្រាប់អ្នកនយោបាយ។
អង្គភាពសារព័ត៌មាន Fresh News មានកិត្តិយស ដោយទទួលបាននូវលិខិតមិត្តអ្នកអានយ៉ាងច្រើន ដែលបានបញ្ចេញនូវទស្សនៈវិភាគនយោបាយ ដើម្បីពន្យល់ ហេតុការណ៍ដែលបានកើតឡើងជូនដល់សាធារណជន។ ដោយពិនិត្យឃើញគុណភាពនៃការវិភាគដែលមានលក្ខណៈយុទ្ធសាស្រ្ត ហើយឆ្លើយឆ្លងបានយ៉ាងត្រឹមត្រូវ ទៅនឹងព្រឹត្តិការណ៍នយោបាយ ដែលបានកើតឡើងនាពេលកន្លងមក អង្គភាពសារព័ត៌មាន Fresh News បានសម្រេចចិត្តធ្វើការជ្រើសរើសនូវអត្ថបទវិភាគសំខាន់ៗ មកចងក្រងជាកម្រងអត្ថបទវិភាគ សម្រាប់រយៈពេលមួយឆ្នាំចុងក្រោយនេះ ហើយសង្ឃឹមជឿជាក់ថា កម្រងអត្ថបទវិភាគនយោបាយនេះ នឹងក្លាយជាឯកសារយោងដ៏សំខាន់មួយ សម្រាប់ការសិក្សាស្រាវជ្រាវដើម្បីយល់ដឹងអំពីព្រឹត្តិការណ៍នយោបាយដែលបានកើតឡើង នៅក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ហើយទន្ទឹមនេះកម្រងអត្ថបទដែលមានកម្រាស់រហូតដល់ទៅជាង៧០០ទំព័រនេះ ក៏ជាឯកសារដែលអាចរួមចំណែកផ្តល់ជាពុទ្ធិ សម្រាប់អ្នកសិក្សានយោបាយខ្មែរផងដែរ។
អង្គភាពសារព័ត៌មាន Fresh News សូមឧទ្ទិស «កម្រងអត្ថបទវិភាគនយោបាយ» នេះជាការខិតខំប្រឹងប្រែងទាំងឡាយដល់សុខសន្តិភាព និងវិបុលភាពរបស់កម្ពុជា៕
លឹម ជាវុត្ថា
នាយកប្រតិបត្តិនៃអង្គភាពព័ត៌មាន Fresh News.