(កំពង់ឆ្នាំង)៖ ឧទ្ធម្ភាគចក្រមួយគ្រឿង បានបង្ខំចិត្តចុះចតជាបន្ទាន់នៅលើវាលដីចំការមួយកន្លែងក្នុងភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានសត្វស្លាបហើរបុកចំកញ្ចក់ខាងមុខបណ្តាលឲ្យបែក។ តែសំណាងល្អអ្នកជិះនៅក្នុងឧទ្ធម្ភាគចក្រ ចំនួន៣នាក់ ក្នុងនោះមានបុរសជនជាតិបារាំង២នាក់ និងស្រ្តីខ្មែរម្នាក់ មិនមានរងគ្រោះថ្នាក់នោះទេ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើល ដល់អ្នកភូមិជាច្រើននាក់ រត់ទៅមើលឧទ្ធម្ភាគចក្រខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១១៖៣០នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ តែនៅវេលាម៉ោងប្រមាណ១២៖៥០នាទីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ ក្រោយការជួសជុលរួចនោះ ពួកគេទាំង៣នាក់ បានហោះចាកចេញទៅបាត់។
ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ឡុច សុវណ្ណរ៉ា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា «ពួកគេទាំង៣នាក់ មានបុរសជនជាតិបារាំង២នាក់ និងស្រ្តីខ្មែរអ្នកបកប្រែ ម្នាក់ បានហោះទៅបាត់ហើយ នៅវេលាម៉ោង១២៖៥០រសៀលថ្ងៃនេះ បន្ទាប់ពីធ្វើការជួសជុលរួច»។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ហេតុការណ៍នេះបានកើតឡើងដោយសារតែមានសត្វស្លាបមួយ ហើរបុកកញ្ចក់ឧទ្ធម្ភាគចក្របណ្តាលឲ្យបែកកញ្ចក់ខាងមុខ តើបងអ្នកបើកបង្ខំចិត្តចុះថតតែម្តង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា ឧទ្ធម្ភាគចក្រនេះ មានពណ៌ក្រហម ធុនតូចលេខ XU. 288 បានសម្រេចចិត្តចុះចតនៅលើវាលចំការមួយ ក្នុងភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគីរ ដោយសារតែមានសត្វស្លាបដ៏ធំមួយ បានហើរមកបុកកញ្ចក់បែកអស់ទៅមុខលែងរួច។
ឧទ្ធម្ភាគចក្រនេះហោះពីទីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប ដោយហោះហើរតាមដងទន្លេសាប តែចៃដន្យត្រូវសត្វស្លាបហើរបុកកញ្ចក់ទៅមុខមិនរួច ទើបចុះចតនៅចំណុចខាងលើនេះតែម្តង។ យ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ស្នងការ ក៏មិនអាចបញ្ជាក់ថា តើបុរសជនជាតិបារាំងទាំង២នាក់នោះមានមុខរបរអ្វី ឲ្យពិតប្រាកដនោះឡើយ ដោយសារតែពួកគេមិនបានប្រាប់៕