(កំពង់ចាម)៖ ដើមត្នោត គឺជារុក្ខជាតិអត្តសញ្ញាណជាតិ និងក្នុងគោលដៅអភិរក្សដើមត្នោតនេះឲ្យបានស្ថិតស្ថេរគង់វង្ស និងការអភិវឌ្ឍតំបន់បឹងវាម ដែលជាបឹងប្រវត្តិសាស្រ្ត (ទាក់ទងប្រវត្តិហ្លួងព្រះស្តេចកន) ឲ្យប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្រ្ត គ្រាប់ត្នោត៥២៥២ដើម ត្រូវបានលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងលោកស្រី បានរៀបចំពិធីដាំដើមត្នោត ដើម្បីចារក្នុងប្រវត្តិសាស្រ្តក្នុងស្រុកស្រីសន្ធរ។
ពិធីដែលបានធ្វើនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ ក៏មានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីជុំវិញខេត្ត អភិបាល អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក គួច ចំរើន បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ត្រូវនឹង១៨ ខែមីនា កាលពី៤៨ឆ្នាំមុន មានអ្នកនយោបាយមួយក្រុមបានឃុបឃិត ជាមួយបរទេស និងផ្តើមគំនិតធ្វើរដ្ឋប្រហារផ្តួលរំលំ របបសង្គមរាស្ត្រនិយម ហើយនោះគឺជាដំណើរការផ្លាស់ប្តូរលើកដំបូងក្នុងកម្ពុជា ដែលខ្មែរគ្នាឯង បានទទួលការគាំទ្រពីបរទេស ហើយជាពេលវេលាដែលនាំភ្នក់ភ្លើងសង្រ្គាមចូលមកកម្ពុជា។
បើតាមលោកអភិបាលខេត្តកំពង់ចាម គ្រាប់បែកបេ៥២ របស់កងទ័ពសហរដ្ឋអាមេរិក ត្រូវបានទម្លាក់មកលើទឹកដីកម្ពុជា ដើម្បីសម្លាប់ប្រជាជនកម្ពុជា នេះជាហេតុផលដែលយើងដាក់ដាំគ្រាប់ត្នោត ចំនួន៥២៥២ដើម ក្នុងនៃរំលឹកឡើងវិញនៃសោកនាដកម្មមកលើប្រជាជនកម្ពុជា៕