(ព្រៃវែង)៖ គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមវត្តមាន លោក នេត សាវឿន សមាជិកអចិន្រ្តៃយ៍ គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តព្រៃវែង តំណាងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា។
ពិធីនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ ក៏មានការចូលរួមពី លោក ព្រំ សុខា, លោក ជា សុមេធី និងស្បោង សារ៉ាត ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រែវែង។
លោក ស្បោង សារ៉ាត ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រែវែង បានលើកឡើងថា រយៈពេល៥ឆ្នាំចុងក្រោយ ដែលគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស គណបក្សយើងបានជួបប្រទះនូវឧបសគ្គតូច ធំ រាប់មិនអស់ ចាប់តាំងពីក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ សភាពការណ៍តានតឹង ស្មុគស្មាញ និងគ្រោះថ្នាក់បំផុត ហើយជាបន្តបន្ទាប់មកទៀតក៏បានលេចឡើងនូវឧបាយកល និងសកម្មភាពជាច្រើនដែលមានបំណងបន្ទុចបន្អាក់បង្កចលាចល និងរារាំងដល់ការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា រហូតឈានដល់មានពួកក្បត់ជាតិឃុបឃិតជាមួយបរទេស រៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោក ស្បោង សារ៉ាត បានបន្ដថា ទោះបីសភាពការណ៍កន្លងទៅមានលក្ខណៈតានតឹង និងស្មុគស្មាញយ៉ាងណាក៏ដោយ ក៏គណកម្មាធិការគណបក្សខេត្ត និងគណបក្សគ្របថ្នាក់ក្នុងទូទាំងខេត្ត បានអនុវត្តតាមគោលការណ៍គោលនយោបាយរបស់គណបក្ស និងផែនការណែនាំរបស់គណអចិន្រ្តៃយ៍ គណកម្មាធិការកណ្តាលគណបក្ស ដោយខិតខំជម្នះបានរាល់ឧបសគ្គ ឈានទៅទទួលបាននូវស្ថានភាពល្អប្រសើរទាំងសន្តិសុខសាធារណៈ និងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងធានាបាននូវប្រក្រតីភាពនៃជីវភាពសង្គម។
លោកថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំដែលត្រូវបញ្ចប់អាណត្តិរដ្ឋសភា និងរាជរដ្ឋាភិបាល (២០១៣-២០១៨) និងជាឆ្នាំដែលត្រូវចាប់ផ្តើមនីតិកាលថ្មីរយៈពេល៥ឆ្នាំទៀត នៅពេលខាងមុខនេះដែរ។ ដូច្នេះពិតជាមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើនាពេលចំពោះមុខ ក្នុងនោះគឺតម្រូវឲ្យយើងគ្រប់គ្នាធ្វើកិច្ចការឲ្យបានល្អ ដើម្បីបម្រើឲ្យការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះ ចំពោះថ្នាក់ដឹកនាំគណបក្ស និងក្រុមការងារគ្រប់ថ្នាក់ និងសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចរាល់ភារកិច្ចដែលគណបក្ស និងប្រជាជនប្រគល់ជូនកន្លងមក ពិសេសការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤។
ក្នុងឱកាសនោះដែរ អង្គសន្និបាតក៏បានដាក់ចេញនូវទិសដៅចំនួន៤ចំណុច៖ ទី១៖គណបក្សមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់បញ្ហាសន្តិសុខ (ភូមិ-ឃុំ មានសុវត្ថិភាព) ពិសេសការពារសន្លឹកឆ្នោត និងការិយាល័យបោះឆ្នោត កម្លាំងសមត្ថកិច្ចសហការពង្រឹងការងារនេះ, ទី២៖បន្តអនុវត្តកិច្ចការងារ ការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ (ធ្វើដូចភ្លៀងរលឹម ដូចតាមអភិក្រម៥ចំណុច របស់សម្តេចតេជោ), ទី៣៖ខិតខំផ្សព្វផ្សាយសមិទ្ធផលស្នាដៃរបស់ គណបក្សប្រជាជនកម្ពុជា ដល់ប្រជាជនឲ្យពួកគាត់យល់ជ្រាបច្បាស់ និងទី៤៖បន្តសាមគ្គីភាពផ្ទៃក្នុង ទាំងរដ្ឋ ទាំងក្នុងជួរបក្ស។
ចុងបញ្ចប់អង្គសន្និបាត ក៏បានចែកជូនសមាជិក សមាជិកា មកពីមូលដ្ឋានចំនួន២០១នាក់ នូវថវិកាចំនួន៤ម៉ឺនរៀលក្នុងម្នាក់ៗផងដែរ៕